ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងកាលពីថ្ងៃពុធថា រុស្ស៊ីរក្សាការត្រៀមរបស់ខ្លួន ក្នុងការកសាងទំនាក់ទំនងស្មើភាពជាមួយប្រទេសទាំងអស់ ដើម្បីជាប្រយោជន៍ដល់វិបុលភាព និងការអភិវឌ្ឍ ជាសកល។

លោក ពូទីន បានថ្លែងនៅក្នុងពិធីទទួលសារតាំងការទូតពីឯកអគ្គរដ្ឋទូតបរទេសដែលទើបតែងតាំងថ្មី ថា៖«ខ្ញុំចង់សង្កត់ធ្ងន់ និងសុំឲ្យអ្នកពិចារណាថា រុស្ស៊ីតែងតែត្រៀមខ្លួនរួចជាស្រេច ក្នុងការកសាងទំនាក់ទំនងស្មើភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយដៃគូអន្តរជាតិទាំងអស់ ដើម្បីជាប្រយោជន៍ដល់វិបុលភាព សុខុមាលភាព និងការអភិវឌ្ឍជាសកល»។
យោងតាមការិយាល័យសារព័ត៌មានរបស់វិមានក្រឹមឡាំងបានឲ្យដឹងថា ពិធីនេះត្រូវបានរៀបចំជាប្រពៃណី នៅក្នុងសាល Alexander នៃវិមាន Grand Kremlin ដោយមានតំណាងមកពីប្រទេសក្រៅចំនួន ៣៤ ចូលរួម៕
