ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រ (ទី ១៦ ខែមករា)នេះ បានព្រមព្រៀងគ្នា ដើម្បីជំរុញការ ផលិតរួមគ្នានូវឧបករណ៍ការពារជាតិ រួមទាំងមីស៊ីល និងពង្រីកវត្តមានយោធារបស់ពួកគេ នៅក្នុងដែនទឹកភាគនិរតីនៃជប៉ុនដីគោក ខណៈដែលប្រទេសចិន កំពុងបង្កើនសម្ពាធលើប្រទេសជិតខាងអាស៊ីរបស់ខ្លួន។

កិច្ចព្រមព្រៀងនេះ បានកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានជួបជាមួយប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth នៅទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលពួកគេក៏បានសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ផ្គត់ផ្គង់ រួមទាំងរ៉ែសំខាន់ៗផងដែរ។

ប្រទេសជប៉ុនកំពុងជាប់ពាក់ព័ន្ធនឹងជម្លោះការទូតដ៏ក្តៅគគុកជាមួយចិន ដែលបង្កឡើងដោយការលើកឡើងរបស់លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi កាលពីខែវិច្ឆិកាថា ប្រទេសជប៉ុនអាចធ្វើអន្តរាគមន៍យោធា ប្រសិនបើប្រទេសចិនវាយប្រហារកោះតៃវ៉ាន់។
ប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានប្រតិកម្មដោយកំហឹង ដោយរារាំងការនាំចេញទៅកាន់ប្រទេសជប៉ុននូវរបស់របរដែលអាចប្រើប្រាស់់បានទាំងស៊ីវិលនិងយោធា ដែលមានសក្តានុពលសម្រាប់ការប្រើប្រាស់យោធា ដោយជំរុញឲ្យមានការព្រួយបារម្ភនៅក្នុងទីក្រុងតូក្យូថា ទីក្រុងប៉េកាំងអាចរារាំងការផ្គត់ផ្គង់រ៉ែដ៏កម្រដែលត្រូវការខ្លាំងនោះ។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិរបស់ទីក្រុងតូក្យូ បានឲ្យដឹងថា ខណៈដែល«បរិយាកាសសន្តិសុខ កំពុងកើនឡើងយ៉ាងឆាប់រហ័ស» នៅអាស៊ី «រដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ថា សម្ព័ន្ធភាពជប៉ុន-សហរដ្ឋអាមេរិក នៅតែរឹងមាំគួរឲ្យទុកចិត្តបំផុត»៕