ទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនសប្តាហ៍ នៅភាគខាងជើងនៃប្រទេសអាហ្វ្រិកខាងត្បូង បានបង្ខំឱ្យឧទ្យានជាតិ Kruger ដ៏ល្បីល្បាញ ផ្អាកការចូលទស្សនា និងជម្លៀសភ្ញៀវ និងបុគ្គលិកមួយចំនួនតាមឧទ្ធម្ភាគចក្រកាលពីថ្ងៃព្រហស្បតិ៍ (១៥ មករា) ហើយអាជ្ញាធរបាននិយាយថា មនុស្សយ៉ាងតិច ១៩ នាក់ បានស្លាប់ នៅក្នុងតំបន់ជាច្រើន តាំងពីភ្លៀងបានចាប់ផ្តើមធ្លាក់កាលពីខែមុនមក។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយជាតិ ការស្លាប់ទាំងនេះត្រូវបានរាយការណ៍នៅក្នុងខេត្ត Mpumalanga និងខេត្ត Limpopo ដែលនៅជិតខាង។ សេវាអាកាសធាតុអាហ្វ្រិកខាងត្បូង បានចេញការព្រមានកម្រិតក្រហមលេខ ១០ ដែលជាកម្រិតព្រមានខ្ពស់បំផុត កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់រយៈពេល ២៤ ទៅ ៤៨ ម៉ោងខាងមុខ នៅផ្នែកខ្លះនៃតំបន់ភាគខាងជើង។
ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនរំពឹងថានឹងមានភ្លៀងធ្លាក់កាន់តែខ្លាំងបន្ថែមទៀត នាំឱ្យទឹកជំនន់កាន់តែធ្ងន់ធ្ងរ ដែលនឹងប៉ះពាល់ដល់អាយុជីវិត ធ្វើឱ្យសហគមន៍នានាត្រូវជម្លៀសទៅទីសុវត្ថិភាព និងអាចបណ្តាលឱ្យខូចខាតយ៉ាងទូលំទូលាយដល់ហេដ្ឋារចនាសម្ព័ន្ធ។ យោងតាមកងកម្លាំងការពារជាតិអាហ្វ្រិកខាងត្បូង យោធាបានប្រើប្រាស់ឧទ្ធម្ភាគចក្រ និងយន្តហោះផ្សេងទៀត ដើម្បីជួយជម្លៀសមនុស្សដែលជាប់គាំង ចាប់តាំងពីថ្ងៃពុធសប្ដាហ៍នេះមក៕

