បញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក បានបញ្ជាក់ថា កងកម្លាំងសហរដ្ឋអាមេរិក បានរឹបអូសនាវាដឹកប្រេងគ្រឿងទី៦ ដែលមានទំនាក់ទំនងជាមួយនឹងវ៉េណេស៊ុយអេឡា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (១៥ មករា) ក្នុងសមុទ្រការ៉ាអ៊ីប នៅក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ខ្លួន ដើម្បីគ្រប់គ្រងការនាំចេញប្រេងរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។
យោងតាមបញ្ជាការភាគខាងត្បូងរបស់យោធាអាមេរិក បានឱ្យដឹងថា នៅក្នុងការវាយឆ្មក់មួយមុនពេលថ្ងៃរះ កងម៉ារីន និងក្រុមនាវិករបស់អាមេរិក បានចេញដំណើរពីនាវាផ្ទុកយន្តហោះ USS Gerald R. Ford នៅក្នុងតំបន់ការ៉ាអ៊ីប ហើយបានស្ទាក់ចាប់នាវានាវាដឹកប្រេងនោះ ដែលមានឈ្មោះថា Veronica "ដោយពុំមានឧប្បត្តិហេតុ" អ្វីនោះទេ។

ជំហាននេះអាចនឹងបង្កើនភាពតានតឹងជាមួយរុស្ស៊ី កាន់តែខ្លាំង ខណៈក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងមូស្គូ កំពុងធ្វើសកម្មភាពយ៉ាងច្រើនដើម្បីការពារនាវាដឹកប្រេង។ យោងតាមមូលដ្ឋានទិន្នន័យដឹកជញ្ជូន Equasis បានបង្ហាញថា នាវា Veronica នោះ ឥឡូវនេះបានប្តូរឈ្មោះទៅជា Galileo ហើយម្ចាស់ដែលបានចុះបញ្ជីថ្មីរបស់នាវានេះគឺជាក្រុមហ៊ុនរុស្ស៊ី។
ចាប់តាំងពីយោធាអាមេរិក វាយប្រហារលើវ៉េណេស៊ុយអេឡា និងការចាប់ខ្លួនមេដឹកនាំ លោក Nicolás Maduro នៅដើមខែមករានេះមក លោកប្រធានាធិបតី Donald Trump បាននិយាយថា លោកមានគម្រោងទាញយកផលប្រយោជន៍ពីទុនបំរុងប្រេងដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រទេសអាមេរិកខាងត្បូងមួយនេះ៕

