ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំធំមួយស្ដីពីការពិនិត្យសម្បទាប្រភេទកីឡាត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ដោយមន្ដ្រីជាន់ខ្ពស់ CAMSOC បានជំរុញឲ្យសហព័ន្ធកីឡាជាតិ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ដើម្បីធានាបាននូវការត្រៀមខ្លួនរួចរាល់ សម្រាប់ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។

កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងមានការចូលរួមពីប្រធាន អគ្គលេខាធិការ និងនាយកកីឡានៃសហព័ន្ធកីឡាជាតិប្រមាណ ៤០សហព័ន្ធដើម្បីជជែកគ្នាលើសម្បទាកីឡា ៥ចំណុច ទី១-ទីលាន ទី២-ឧបករណ៍ និងសម្ភារហ្វឹកហាត់ផ្សេងៗ ទី៣-មន្ដ្រីបច្ចេកទេសមានអាជ្ញាកណ្ដាល-ចៅក្រមជាដើម ទី៤-វិញ្ញាសាតាមប្រភេទកីឡានីមួយៗ និងទី៥-ភាពស្របច្បាប់របស់ប្រភេទកីឡានីមួយៗជាមួយសហព័ន្ធកីឡាអន្ដរជាតិ។ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា សហព័ន្ធកីឡាជាតិមានតួនាទីយ៉ាងសំខាន់ ក្នុងការត្រួតពិនិត្យសម្បទានតាមប្រភេទកីឡារៀងៗខ្លួន ពិសេសការរៀបចំទីលានប្រកួត ដែលជាកង្វល់មួយត្រូវការពេលវេលា ធនធនា និងបច្ចេកទេសដើម្បីកសាងសង់ និងកែលម្អ ដ្បិតពេលវេលាកាន់តែសល់តិច។
ហេតុនេះ ឯកឧត្តមបានអំពាវនាវឲ្យសហព័ន្ធកីឡាជាតិទាំងអស់ ត្រូវសហការជាមួយគណៈកម្មការជំនាញ CAMSOC ដើម្បីពន្លឿនការរៀបចំឲ្យបានរួចរាល់ត្រឹមដើមឆ្នាំ២០២៣ ដើម្បីត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេមលើកដំបូងនៅកម្ពុជា។ អ្នកជំនាញកីឡាដដែលបន្ដថា មកទល់ពេលនេះសហព័ន្ធកីឡាជាតិភាគច្រើនបានរៀបចំ និងកំណត់ទីលានសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមរួចរាល់ហើយ នៅឡើយតែប្រភេទកីឡាមួយចំនួនតូចប៉ុណ្ណោះដែលមិនទាន់រួចរាល់។ ដូច្នេះ CAMSOC នឹងជំរុញក៏ដូចជាពន្លឿនការងារសេសសល់ ពិសេសការរៀបចំទីលានរបស់សហព័ន្ធកីឡាជាតិបានរួចរាល់ទាន់ពេលវេលា ដើម្បីធានាបាននូវហេដ្ឋារចនាសម្ព័ន្ធស្របតាមស្ដង់ដារអន្ដរជាតិមួយ ដែលអាចរៀបចំការប្រកួតកីឡាស៊ីហ្គេមបាន ហើយឯកឧត្តមក៏សង្ឃឹមថា សហព័ន្ធកីឡាជាតិទាំងអស់នឹងចូលរួមសហការ ដើម្បីឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នាផងដែរ៕
អត្ថបទ៖ លី ឈុនឡា