មន្ត្រីជាន់ខ្ពស់ផ្នែកជំនួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានព្រមានអាជ្ញាធរគុយបាកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករាថា កុំជ្រៀតជ្រែកក្នុងការដឹកជញ្ជូនជំនួយមនុស្សធម៌ និងបាននិយាយថាប្រធានាធិបតី លោក Donald Trump អាចចាត់វិធានការប្រសិនបើគុយបា មិនអនុវត្តតាម។
ការព្រមានពីលោក Jeremy Lewin មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស បានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិកត្រៀមផ្តល់ជំនួយចំនួន៣លានដុល្លារដែលបានសន្យាដល់ប្រជាជនគុយបា បន្ទាប់ពីព្យុះសង្ឃរា Melissa កាលពីខែតុលា។

ប្រទេសគុយបា បានសួរអំពីហេតុផលរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ការបញ្ជូនជំនួយនេះ រយៈពេល៧៧ថ្ងៃបន្ទាប់ពីត្រូវបានប្រកាសជាលើកដំបូងនិងជាងពីរខែបន្ទាប់ពីព្យុះសង្ឃរាឆ្លងកាត់ ប៉ុន្តែបាននិយាយថាខ្លួននឹងទទួលយកការចូលរួមចំណែក និងធានាថាវាត្រូវបានចែកចាយទៅដល់អ្នកដែលរងផលប៉ះពាល់ដោយព្យុះសង្ឃរា។
ក្រសួងការបរទេសគុយបា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចំណាត់ការរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនជំនួយនៅពេលនេះ គឺជា «ឱកាសនិយម» និងជា«ការរៀបចំនយោបាយ» ដែលបន្លំជាកាយវិការមនុស្សធម៌ ប៉ុន្តែនិយាយថា ខ្លួននឹងធានាដល់ការប្រើប្រាស់សមស្រប។
