ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែមករា ឆ្នាំ ២០២៦ ឯកឧត្ដម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) អមដំណើរដោយ ឯកឧត្តម ចាន់ សុវត្ថិភាព អនុរដ្ឋលេខាធិការ និងក្រុមការងារកម្មវិធី ASPIRE-AT បានទៅពិនិត្យវឌ្ឍនភាព និងលទ្ធភាពបន្ថែមទីតាំងផលិតស្បៀងអាហារ (បន្លែត្រី សាច់ និងស៊ុត) ជូនជនភៀសសឹក និងកងទ័ពនៅសមរភូមិមុខ ព្រមទាំងរួមចំណែកដោះស្រាយបញ្ហារបស់ប្រជាជន ដែលរងគ្រោះដោយសារសង្គ្រាម នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងខេត្តព្រះវិហារ។
ក្រុមបេសកកម្មបានសិក្សា ស្វែងយល់អំពីស្ថានភាពជាក់ស្តែង និងសក្តានុពល ដោយសហការ និងពិគ្រោះជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរស្រុក និងឃុំ និងមន្ត្រីកសិកម្មឃុំ សង្កាត់ ហើយកំណត់ជម្រើសសមស្រប និងមាននិរន្តរភាពមួយចំនួន ឱ្យស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕







