ម៉ូតូត្រៃ៖ កីឡាការិនីម៉ូតូត្រៃដ៏ស្រស់ស្អាត ស៊ុន សៀវម៉ី បានសម្រេចចិត្តចូលរួមហ្វឹកហាត់ និងធ្វើការប្រកួតប្រជែងជាមួយបុរសក្នុងកម្មវិធីផ្សេងៗ ព្រោះចង់លើកទឹកចិត្ត និងបង្ហាញភាពជាគំរូដល់នារីដទៃឲ្យលេងកីឡាមួយនេះ ក៏ដូចជាកីឡាផ្សេងទៀត។

សៀវម៉ី បានបញ្ជាក់ថា ខ្លួនបានហ្វឹកហាត់កីឡាម៉ូតូត្រៃនេះប្រមាណ ១ឆ្នាំមកហើយដោយគោលដៅធំបំផុតគឺកញ្ញាចង់លើកទឹកចិត្តឲ្យនារីៗចូលរួមលេងកីឡា។ មិនតែប៉ុណ្ណោះ កីឡាការិនីដ៏ស្រស់សោភារូបនេះថែមទាំងតាំងចិត្តខំប្រឹងហ្វឹកហាត់ ដើម្បីមានឱកាសតំណាងជាតិចូលរួមការប្រកួតលើកឆាកអន្ដរជាតិ និងវិវឌ្ឍន៍ខ្លួនឲ្យក្លាយជាកីឡាការិនីអាជីពទៀតផង។ គួរដឹងថា ស៊ុន សៀវម៉ី គឺជាកីឡាការិនីម្នាក់ដែលបានចុះឈ្មោះរួចរាល់ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃដណ្ដើមជើងឯកឆ្នាំ២០២២ Enduro Cross Challenge Championship 2022 នៅទីលានសន្ដិភាព ក្បែរគល់លីយ៉ុងផាត់ ឬស្ពានព្រែកព្នៅនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕
អត្ថបទ៖ លី ឈុនឡា