យោងតាមមន្ត្រីអាមេរិក បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump នៅសប្តាហ៍នេះ កុំអាលអនុវត្តនូវការវាយប្រហារយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់សារព័ត៌មាន New York Times ថា លោក Netanyahu បានស្នើសុំឲ្យប្រធានាធិបតីអាមេរិកពន្យារផែនការ សម្រាប់ការវាយប្រហារបែបនេះសិន។ ហើយក្រោយមក មន្ត្រីអាមេរិកផ្សេងទៀត បានប្រាប់សារព័ត៌មាន Wall Street Journal ថា លោក Trump ត្រូវបានផ្ដល់យោបល់កុំឲ្យអនុវត្តការវាយប្រហារទ្រង់ទ្រាយធំ ពីព្រោះវាមិនទំនងជាធ្វើឲ្យរបបអ៊ីរ៉ង់ដួលរលំនោះទេ ដោយផ្ទុយទៅវិញអាចនាំឲ្យមានជម្លោះរីករាលកាន់តែធំឡើងៗ។

លើសពីនេះទៀត សហរដ្ឋអាមេរិកនឹងត្រូវការគ្រឿងយុទ្ធោបករណ៍បន្ថែមទៀត នៅក្នុងតំបន់ ដើម្បីអាចទប់ទល់នឹងការឆ្លើយតបដែលអាចកើតមានពីអ៊ីរ៉ង់ ក្នុងនោះរួមទាំងការប្រឆាំងនឹងកងកម្លាំងអាមេរិក ទាំងនៅតំបន់មជ្ឈិមបូព៌ា និងអ៊ីស្រាអែល។
ដើមសប្តាហ៍នេះ សហរដ្ឋអាមេរិកបានដកបុគ្គលិកមួយចំនួនរបស់ខ្លួនចេញពីមូលដ្ឋានទ័ពអាកាសអាមេរិកធំជាងគេ នៅតំបន់មជ្ឈិមបូព៌ា គឺមូលដ្ឋានទ័ពអាកាស Al-Udeid នៅប្រទេសកាតា។ ក្រសួងការបរទេសក៏បានព្រមានពលរដ្ឋឲ្យបន្ថយការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់ទីកន្លែងមួយចំនួននៃតំបន់នេះផងដែរ។
យ៉ាងណាក្ដី បើទោះបីលោក Trump មិនទាន់សម្រេចចិត្តវាយប្រហារនៅឡើយក្ដី ក៏មន្ត្រីនានា នៅតែបន្តសង្កត់ធ្ងន់ថា ជម្រើសទាំងអស់នៅតែស្ថិតក្នុងការភិភាក្សា៕
