រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក លោក Chris Wright កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមករា ឆ្នាំ២០២៦) បាននិយាយថា សហរដ្ឋអាមេរិកកំពុងលក់ប្រេងឆៅរបស់វ៉េណេស៊ុយអេឡាបានខ្ពស់ជាង ៣០ភាគរយនៃតម្លៃដែលប្រទេសវេណេស៊ុយអេឡាលក់បាន មុនពេលកងកម្លាំងពិសេសសហរដ្ឋអាមេរិក ចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro នាដើមខែនេះ។
នៅឯព្រឹត្តិការណ៍សមាគមថាមពលសហរដ្ឋអាមេរិក លោក Wright បានលើកឡើងថា៖ «យើងកំពុងលក់បានតម្លៃខ្ពស់ជាងប្រហែល ៣០ភាគរយ នៅពេលដែលយើងលក់ប្រេងបារ៉ែលដូចគ្នានឹងពួកគេបានលក់ កាលពី ៣សប្តាហ៍មុន»។ តែយ៉ាងណាក្ដី លោក Wright មិនបានរៀបរាប់លម្អិត អំពីតម្លៃនៃការលក់ប្រេងនៅមុន និងក្រោយការចាប់ខ្លួនលោក Maduro នោះឡើយ។

មន្ត្រីសហរដ្ឋអាមេរិកម្នាក់ បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានបញ្ចប់ការលក់ប្រេងដំបូងរបស់វ៉េណេស៊ុយអេឡា ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងតម្លៃ ២ពាន់លានដុល្លារដែលសម្រេចបានកាលពីដើមខែនេះ រវាងទីក្រុងការ៉ាកាស និងវ៉ាស៊ីនតោន។
មន្ត្រីរូបនេះបានបន្ថែមថា ការលក់លើកដំបូងមានតម្លៃ ៥០០លានដុល្លារ ដោយការលក់បន្ថែមត្រូវបានរំពឹងថា នឹងមាននៅក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះ។
គួរបញ្ជាក់ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានបញ្ជាក់ថា ខ្លួននឹងលក់ប្រេងដែលជាប់គាំងរបស់វ៉េណេស៊ុយអេឡារហូតដល់ ៥០លានបារ៉ែល ហើយនឹងបន្តលក់ប្រេងរបស់ប្រទេសនេះដោយគ្មានកំណត់៕
