មន្ត្រីជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ (UN) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមករា ឆ្នាំ២០២៦) ថា ការគំរាមកំហែងប្រើវិធានការយោធា លើអ៊ីរ៉ង់ ដូចដែលលោកប្រធានាធិបតីអាមេរិក Donald Trump បានធ្វើឡើង បានបង្កើនឲ្យមាន «ភាពប្រែប្រួល» ខ្លាំងឡើងៗ នៅក្នុងប្រទេសដែលច្របូកច្របល់ដោយការតវ៉ាមួយនេះ។
នៅសប្តាហ៍ចុងក្រោយនេះ អ៊ីរ៉ង់ត្រូវបានរង្គោះរង្គើដោយការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតមួយចំនួន នៅក្នុងប្រវត្តិសាស្ត្ររបស់សាធារណរដ្ឋឥស្លាម ទោះបីជាបាតុកម្មហាក់ដូចជាបានថមថយ បន្ទាប់ពីមានការបង្ក្រាប និងការដាច់ប្រព័ន្ធអ៊ីនធឺណិតរយៈពេលមួយសប្តាហ៍ក៏ដោយ។

រហូតមកដល់ថ្ងៃពុធ សហរដ្ឋអាមេរិកបានគំរាមកំហែងមានវិធានការយោធា លើអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះអនុវត្តទោសប្រហារជីវិត ចំពោះអ្នកដែលត្រូវបានចាប់ខ្លួនពីបទតវ៉ា ហើយប្រេសិតរបស់ទីក្រុងវ៉ាស៊ីនតោនប្រចាំ UN បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជម្រើសគ្រប់យ៉ាង នៅតែ «ស្ថិតក្នុងការពិភាក្សា»។
យ៉ាងណាក្ដី លោកស្រី Martha Pobee ជំនួយការអគ្គលេខាធិការ UN បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា៖ «យើងកត់សម្គាល់ឃើញនូវសេចក្តីថ្លែងការណ៍សាធារណៈផ្សេងៗដែលបង្ហាញពីការវាយប្រហារយោធាដែលអាចកើតមានលើអ៊ីរ៉ង់។ កត្តាខាងក្រៅនេះបន្ថែមភាពប្រែប្រួលដល់ស្ថានភាពដែលងាយឆាបឆេះរួចទៅហើយ។ កិច្ចខិតខំប្រឹងប្រែងទាំងអស់ ត្រូវតែធ្វើឡើង ដើម្បីការពារកុំឲ្យស្ថានការណ៍កាន់តែអាក្រក់ឡើងបន្ថែមទៀត»៕
