អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមករា ឆ្នាំ២០២៦) បានសាទរចំពោះការប្រកាសរបស់សហរដ្ឋអាមេរិក អំពីដំណើរការឆ្ពោះទៅដំណាក់កាលទី២ នៃផែនការបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ដោយជំរុញសុំឲ្យមានលំហូរជំនួយមនុស្សធម៌ចូលដែនដីនេះ «ដោយគ្មានការរារាំង»។
នៅឯមហាសន្និបាត UN ដែលលោកបានចែករំលែកអាទិភាពចម្បងរបស់លោក សម្រាប់ឆ្នាំ២០២៦ អគ្គលេខាធិការ UN លោក Antonio Guterres បានមានប្រសាសន៍ថា៖ «នៅតំបន់ហ្កាហ្សា ខ្ញុំស្វាគមន៍ ចំពោះការចាប់ផ្តើមដំណាក់កាលទី ២ នៃបទឈប់បាញ់ដែលត្រូវបានប្រកាសដោយសហរដ្ឋអាមេរិក ហើយសូមបញ្ជាក់ម្តងទៀតថា ជំនួយមនុស្សធម៌ត្រូវតែហូរចូលដោយគ្មានការរារាំង ហើយបទឈប់បាញ់ត្រូវតែអនុវត្តយ៉ាងពេញលេញ»។

លោក Guterres បានសង្កត់ធ្ងន់ថា៖ «ត្រូវតែធ្វើឲ្យច្បាស់លាស់នូវវិធីឆ្ពោះទៅកាន់មាគ៌ាដែលពុំអាចប្រែក្រឡាស់បាន សម្រាប់ដំណោះស្រាយរដ្ឋ២ ស្របតាមច្បាប់អន្តរជាតិ»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ លោក Steve Witkoff បេសកជនសហរដ្ឋអាមេរិក បានប្រកាសថា ដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងឈប់បាញ់ បានចាប់ផ្តើមហើយ ជាផ្នែកមួយនៃផែនការ ២០ចំណុចរបស់ប្រធានាធិបតី លោក Donald Trump ដើម្បីបញ្ចប់ជម្លោះ នៅតំបន់ហ្កាហ្សា។
លោក Witkoff បាននិយាយថា ដំណាក់កាលទី២ នេះ នឹងបង្កើតរដ្ឋបាលជំនាញប៉ាឡេស្ទីនអន្តរកាល គឺគណៈកម្មាធិការជាតិ សម្រាប់រដ្ឋបាលហ្កាហ្សា (NCAG) និងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ នៅក្នុងតំបន់នេះ ជាកន្លែងដែលសង្គ្រាមរបស់អ៊ីស្រាអែលរយៈពេលជិត ២ឆ្នាំ បានធ្វើឲ្យផ្នែកជាច្រើនរបស់ដែនដីនេះរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕

