មនុស្សយ៉ាងហោចណាស់ ១៣នាក់ បានរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង បានបុកអគារ នៅចំណុចប្រសព្វដ៏មមាញឹកមួយ នៅក្នុងតំបន់ Seodaemun នៅកណ្តាលទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាថ្ងៃសុក្រ (ទី១៦ ខែមករា ឆ្នាំ២០២៦) នេះ។
រថយន្តក្រុងនេះបានរេចង្កូតចេញពីផ្លូវ នៅជិតចំណុចប្រសព្វស្ថានីយ៍រថភ្លើងក្រោមដី Seodaemun ហើយធ្លាក់ចូលទៅចិញ្ចើមផ្លូវ នៅម៉ោង ១:២៧រសៀល ម៉ោងក្នុងស្រុក មុនពេលជ្រុលទៅបុកអគារ។
បើយោងតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា មានមនុស្សយ៉ាងតិច ១៣នាក់ ត្រូវបានរាយការណ៍ថា រងរបួស ក្នុងនោះរួមទាំងអ្នកបើកបររថយន្តក្រុងផងដែរ ហើយជនរងគ្រោះ ២នាក់ ត្រូវបានគេប្រាប់ថា រងរបួសធ្ងន់។

នគរបាលបានបញ្ជាក់ថា មិនមានសញ្ញាណាមួយដែលបង្ហាញថា អ្នកបើកបររថយន្តក្រុង ស្ថិតនៅក្នុងឥទ្ធិពលនៃជាតិស្រវឹងនោះទេ នៅពេលដែលគ្រោះថ្នាក់នោះកើតឡើង ប៉ុន្តែបានបន្ថែមថា តេស្តស្វែងរកសារធាតុនៃគ្រឿងញៀនបន្ថែមទៀត នឹងត្រូវបានធ្វើ ជាផ្នែកមួយនៃការស៊ើបអង្កេត។
ផ្នែកខ្លះនៃផ្លូវ Tongil-ro ជាកន្លែងដែលគ្រោះថ្នាក់រថយន្តក្រុងនេះបានកើតឡើង ត្រូវស្ថិតក្រោមការត្រួតពិនិត្យចរាចរណ៍ ខណៈដែលអាជ្ញាធរនៅកន្លែងកើតហេតុ កំពុងដោះស្រាយឧបទ្ទវហេតុនេះ៕
