បាល់ទាត់៖ ខ្សែប្រយុទ្ធបារាំង Karim Benzema ធ្វើបាន Hat-Trick ទាំងបីគ្រាប់របស់ខ្លួននៅក្នុងវគ្គទី២ ជួយឱ្យ Real Madrid តាមពីក្រោយយកឈ្នះ Paris Saint Germain ឡើងវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League។ ក្រុមរបស់លោក Mauricio Pochettino កាន់មួយគ្រាប់នាំមុខពីជើងទី១ និងរកបានគ្រាប់នាំមុខមួយគ្រាប់ទៀតនៅកីឡដ្ឋាន Santiago Bernabeu ដោយ Kylian Mbappe នៅវគ្គទី១ នាទីទី៣៩ មានន័យថា PSG នាំមុខ ២គ្រាប់សរុបទាំងពីរជើង។

តែកំហុសរបស់អ្នកចាំទីអ៊ីតាលី Giangluigi Donnaruma ធ្វើឱ្យ Real Madrid តាមបានមួយគ្រាប់វិញនៅនាទីទី៦១ ដោយ Karim Benzema។ ក្រោយពីរគ្រាប់កើតឡើងក្នុងរយៈពេល ២នាទីប៉ុណ្ណោះពោលគឺខ្សែប្រយុទ្ធបារាំង Karim Benzema រកបានពីរគ្រាប់ផ្ទួនៗបន្ថែមដែលសរុបជាគ្រាប់ Hat-Trick របស់ខ្លួនឱ្យ Real Madrid យកឈ្នះជើងទី២ នេះ ៣-១ និងសរុបទាំងពីរជើង ៣-២។ បរាជ័យនេះបានធ្វើឱ្យ Paris Saint Germain នឹកឃើញពីប្រវត្តិឈឺចាប់របស់ខ្លួននៅទឹកដីអេស្ប៉ាញដែលធ្លាប់យកឈ្នះ Barcelona ៤-០ នៅទីក្រុងប៉ារីស តែត្រលប់មកចាញ់នៅអេស្ប៉ាញវិញ ៦-១ កាលពីឆ្នាំ២០១៧។

PSG កំពុងនាំមុខគេដាច់នៅក្របខណ្ឌបារាំង Ligue 1 និងជាជើងឯក ៧លើកក្នុងចំណោម ៩រដូវកាលមកហើយនៅក្នុងស្រុក តែអនាគតរបស់អ្នកចាត់ការ Mauricio Pochettino នឹងត្រូវសំរេចនៅដំណាច់រដូវកាលនេះ។ ដោយឡែកមួយគូទៀតយប់មិញផងដែរ Manchester City បន្តដំណើរឡើងវគ្គ ៨ក្រុមចុងក្រោយហើយក្រោយស្មើ ០-០ ទល់នឹងក្រុមភ្ញៀវ Sporting Lisbon តែយកឈ្នះសរុបទាំងពីរជើង ៥-០៕
អត្ថបទ៖នាង សុភាវុធ