ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អេហ្ស៊ីបបានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ចំពេលមានការព្រួយបារម្ភថា ភាពតានតឹងក្នុងតំបន់ដែលកំពុងកើនឡើង អាចរុញច្រានមជ្ឈិមបូព៌ាឲ្យ ធ្លាក់ចូលទៅក្នុងអស្ថិរភាព និងភាពវឹកវរ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេស Badr Abdelatty កាលពីល្ងាចថ្ងៃពុធ បានជួបប្រជុំគ្នាជាមួយសមភាគីមកពីប្រទេសបារាំង អូម៉ង់ និងអ៊ីរ៉ង់ រួមទាំងបេសកជនពិសេសប្រធានាធិបតីអាមេរិក លោក Steve Witkoff ផងដែរ។

ការពិភាក្សាបានផ្តោតលើការអភិវឌ្ឍក្នុងតំបន់ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស រួមទាំងការអភិវឌ្ឍនៅតំបន់ ហ្កាហ្សា ស៊ូដង់ និងអ៊ីរ៉ង់ ដោយអេហ្ស៊ីបជំរុញឲ្យមានការបន្ធូរបន្ថយភាពតានតឹង និងការអត់ធ្មត់ ដើម្បីទប់ស្កាត់ការធ្លាក់ចូលទៅក្នុងភាពចលាចលកាន់តែធំឡើង។
សេចក្តីថ្លែងការណ៍បានបន្ថែមថា មន្ត្រីទាំងនោះ បានគូសបញ្ជាក់ពីតម្រូវការក្នុងការបង្កើតលក្ខខណ្ឌអំណោយផលដល់ការទូត និងដំណោះស្រាយនយោបាយ ជាមធ្យោបាយនៃការការពារសន្តិសុខ និងស្ថិរភាពក្នុងតំបន់៕
