នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ វិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (ភ្នំពេញ) បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសរុបចំនួន៩៥នាក់ មកពីសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត បានកោតសរសើរថ្នាក់ដឹកនាំសង្កាត់ និងខណ្ឌបឹងកេងកងទាំងអស់ ដែលខិតខំផ្តល់សេវាសាធារណៈសន្តិសុខ សុវត្ថិភាព និងទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ។ ការខិតខំរបស់អាធរសង្កាត់ និងខណ្ឌ បានធ្វើឱ្យខណ្ឌបឹងកេងកង ជាខណ្ឌសម្បូរទៅដោយតំបន់ទីប្រជុំជន ហាងអាហារចំរុះជាតិសាសន៍ និងតំបន់ពាណិជ្ជកម្មជាច្រើនទៀត។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា អាជ្ញាធរសង្កាត់ មានតួនាទីសំខាន់ខ្លាំងក្នុងការតាមដាន និងលុបបំបាត់ការឆបោកអនឡាញ (on-line scams) ។ ការឆបោកអនឡាញនេះ កើតឡើងនៅច្រើនប្រទេស ទាំងនៅអាស៊ី អាម៉េរិក អាហ្រ្វិក និងមានយូរណាស់មកហើយ។ ដូច្នេះយើងត្រូវរួមគ្នា លុបបំបាត់អំពើឆបោកនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ទេសចរ មកកំសាន្តនៅប្រទេសយើងច្រើនថែមទៀត។
ឯកឧត្តមបណ្ឌិត បានបន្ថែមថាក្នុងស្ថានភាពប្រទេសជាតិកំពុងប្រឈមនឹងបញ្ហាទាំងកត្តាខាងក្រៅ និងខាងក្នុង យើងត្រូវរួបរួមសាមគ្គីភាព និងខិតខំបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អប្រសើរដើម្បីធានាប្រក្រតីភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ។ ជាពិសេសត្រូវខិតខំសម្រេចឱ្យបានតាមការសន្យាទាំង៧ ចំណុច ដែលបានឃោសនាបោះឆ្នោតកន្លងមក និងមាននៅក្នុងគោលនយោបាយអភិវឌ្ឍឃុំសង្កាត់ ឆ្នាំ២០២២-២០២៧។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើទៅដល់សមាជិកក្រុមប្រឹក្សាសង្កាត់ និងអ្នកចូលរួម នូវចំណុច ៣ សំខាន់ៗ៖
• សុខសុវត្ថិភាព៖ បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសលុបបំបាត់ការឆបោកអនឡាញ។
• សុខភាព៖ កម្ពុជាបានឈានហួសពីដំណាក់កាលនៃការហូបដើម្បីឆ្អែត ទៅជាការហូបដើម្បីភាពមាំមួននៃរាងកាយ និងខួរក្បាល។
• សមត្ថភាព៖ ត្រូវបង្កើនសមត្ថភាពភាសាបរទេសដល់កុមារកម្ពុជា ដូចជាភាសាអង់គ្លេសជាដើម ដែលជាស្ពានចម្លងទៅឱកាសដ៏ទូលំទូលាយក្នុងពិភពលោក។






