ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមករា ឆ្នាំ២០២៦) បានឲ្យដឹងថា ខ្លួននឹងបន្តពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន នៅតំបន់អាក់ទិក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ទាក់ទងនឹងស្ថានភាព នៅជុំវិញតំបន់ Greenland។
អំឡុងពេលនិយាយនៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុងមូស្គូ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បានលើកឡើងថា ទីក្រុងមូស្គូឈរនៅជាមួយប្រទេសចិន ហើយចាត់ទុកថា វាគឺជារឿង «មិនអាចទទួលយកបានឡើយ» ក្នុងការប្រើប្រាស់ករណីយោងនៃ «សកម្មភាពមួយចំនួន» របស់ខ្លួន នៅតំបន់អាក់ទិក ជាលេស ដើម្បីបង្កើនភាពតានតឹង នៅទីនោះ។
លោកស្រី Zakharova បានបញ្ជាក់ថា៖ «ប្រទេសរបស់យើង នឹងបន្តការពារជំហររបស់ខ្លួនយ៉ាងរឹងមាំ នៅក្នុងតំបន់។ យើងនឹងបន្តគោលនយោបាយរបស់យើង ក្នុងការពង្រឹងអធិបតេយ្យភាពជាតិ នៅក្នុងតំបន់អាក់ទិក។ កិច្ចការដំបូង គឺការពង្រឹងសមត្ថភាពការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួនរបស់យើង នៅផ្លូវសមុទ្រខាងជើង (Northern Sea Route)»។

លោកស្រី Zakharova បានកត់សម្គាល់ថា សហរដ្ឋអាមេរិកបានកំណត់ដែនដី Greenland ថា ជា «ដែននៃផលប្រយោជន៍របស់សហរដ្ឋអាមេរិក» ដោយការនិទានរឿងដែលគ្មានមូលដ្ឋាន ពាក់ព័ន្ធនឹង «ការគំរាមកំហែងរបស់រុស្ស៊ី»។
អ្នកនាំពាក្យរូបនេះបានជំរុញថា ការខ្វែងគំនិតគ្នាណាមួយ ទាក់ទងនឹងតំបន់ Greenland ត្រូវតែដោះស្រាយតាមរយៈការចរចា ស្របតាមច្បាប់អន្តរជាតិ និងដោយគិតគូរពីផលប្រយោជន៍របស់ប្រជាជនរបស់ដែនដីនេះ៕

