ដោយដកស្រង់បណ្ដាញសារព័ត៌មានអ៊ីរ៉ង់ ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya នៅថ្ងៃសុក្រ (ទី១៦ ខែមករា ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានចាប់ខ្លួនមនុស្ស ៣.០០០នាក់ដែលមានទំនាក់ទំនងជាមួយក្រុមភេរវករ និងដែលបានចូលរួមក្នុងការតវ៉ាទូទាំងប្រទេស។
នៅសប្តាហ៍ចុងក្រោយនេះ អ៊ីរ៉ង់ត្រូវបានរង្គោះរង្គើដោយការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតមួយចំនួន នៅក្នុងប្រវត្តិសាស្ត្ររបស់សាធារណរដ្ឋឥស្លាម ទោះបីជាបាតុកម្មហាក់ដូចជាបានថមថយ បន្ទាប់ពីមានការបង្ក្រាប និងការដាច់ប្រព័ន្ធអ៊ីនធឺណិតរយៈពេលមួយសប្តាហ៍ក៏ដោយ។

រហូតមកដល់ថ្ងៃពុធ សហរដ្ឋអាមេរិកបានគំរាមកំហែងចាត់វិធានការយោធា លើអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះអនុវត្តទោសប្រហារជីវិត ចំពោះអ្នកដែលត្រូវបានចាប់ខ្លួន អំឡុងការតវ៉ា ហើយប្រេសិតរបស់ទីក្រុងវ៉ាស៊ីនតោនប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ជម្រើសទាំងអស់ នៅតែ «ស្ថិតក្នុងការភិភាក្សា»។
អ្នកសារព័ត៌មានសញ្ជាតិអ៊ីរ៉ង់-អាមេរិក លោកស្រី Masih Alinejad ដែលត្រូវបានអញ្ជើញឲ្យថ្លែងទៅកាន់ក្រុមប្រឹក្សា ដោយទីក្រុងវ៉ាស៊ីនតោន បាននិយាយថា «ជនជាតិអ៊ីរ៉ង់ទាំងអស់រួបរួមគ្នា» ប្រឆាំងនឹងប្រព័ន្ធគ្រប់គ្រងរបស់មេដឹកនាំសាសានា នៅក្នុងប្រទេសអ៊ីរ៉ង់។
លោកស្រីបានបន្ថែមថា៖ «ជនជាតិអ៊ីរ៉ង់រាប់លាននាក់ បាននាំគ្នាតវ៉ាទាមទារឲ្យឈប់លួចប្រាក់របស់ពួកគេ ហើយផ្ញើទៅឲ្យយុទ្ធជនរបស់ក្រុមហាម៉ាស ហេសបូឡា និងហ៊ួទី ដោយសំដៅទៅលើក្រុមប្រដាប់អាវុធដែលគាំទ្រដោយទីក្រុងតេអេរ៉ង់៕

