ប្រទេសនូវែលហ្សេឡង់ បានឲ្យដឹងថា ខ្លួនបានសម្រេចបិទស្ថានទូតជាបណ្ដោះអាសន្ន នៅទីក្រុងតេអេរ៉ង់ និងបានដឹកអ្នកការទូតចេញតាមយន្តហោះ ដោយសារតែស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗ នៅប្រទេសអ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់នៅថ្ងៃសុក្រ (ទី១៦ ខែមករា ឆ្នាំ២០២៦) នេះថា បុគ្គលិកការទូត បានចាកចេញពីអ៊ីរ៉ង់ដោយសុវត្ថិភាព តាមជើងហោះហើរពាណិជ្ជកម្ម នាពេលយប់ ហើយបានបញ្ជាក់ថា ប្រតិបត្តិការរបស់ស្ថានទូត ប្រចាំនៅទីក្រុងតេអេរ៉ង់ ត្រូវបានប្ដូរទៅកាន់ទីក្រុងអង់ការ៉ារបស់ប្រទេសទួរគីវិញ ដោយសារតែ «ស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗ» នៅក្នុងប្រទេសអ៊ីរ៉ង់។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «យើងបន្តណែនាំគ្រប់គ្នាកុំធ្វើដំណើរទៅអ៊ីរ៉ង់។ ពលរដ្ឋនូវែលហ្សេឡង់រូបណាដែលកំពុងស្ថិតនៅក្នុងប្រទេសនេះ គួរតែចាកចេញឥឡូវនេះ»។ ក្រសួងការបរទេសបានឲ្យដឹងថា សមត្ថភាពរបស់ខ្លួន «មានការកម្រិតយ៉ាងខ្លាំង» ក្នុងការផ្តល់ជំនួយកុងស៊ុលដល់ប្រជាជននូវែលហ្សេឡង់ នៅអ៊ីរ៉ង់។

ហើយអ្នកនាំពាក្យក្រសួង បាននិយាយថា បញ្ហាប្រឈមធ្ងន់ធ្ងរ ក្នុងការទាក់ទងគ្នា កំពុងធ្វើឲ្យមនុស្សពិបាកមានទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិ នៅអ៊ីរ៉ង់ ដោយណែនាំឲ្យប្រជាជននូវែលហ្សេឡង់ នៅទីនោះ ទាក់ទងទៅសាច់ញាតិនៅពេលណាដែលពួកគេអាចធ្វើបាន។ រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់ លោក Winston Peters បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះប្រតិកម្មហិង្សារបស់ទីក្រុងតេអេរ៉ង់ ចំពោះការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំនេះ។
ក្រៅពីនូវែលហ្សេឡង់ ចក្រភពអង់គ្លេសក៏បានសម្រេចបិទស្ថានទូតអង់គ្លេសនៅអ៊ីរ៉ង់ជាបណ្ដោះអាសន្នផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍៕
