សហភាពមីយ៉ាន់ម៉ា នៅថ្ងៃសុក្រ (ទី១៦ ខែមករា ឆ្នាំ២០២៦) នេះ បានច្រានចោលការចោទប្រកាន់ «គ្មានភស្តុតាង» ដែលថា ខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដោយប្រាប់ស្ថាប័នតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថា ការបង្ក្រាបយ៉ាងឃោរឃៅរបស់ខ្លួន គឺជា «ប្រតិបត្តិការប្រឆាំងភេរវកម្ម»។
លោក Ko Ko Hlaing រដ្ឋមន្ត្រីនៅក្នុងការិយាល័យប្រធានាធិបតី បានប្រាប់តុលាការថា៖ «ករណីនេះនឹងត្រូវបានសម្រេចដោយផ្អែកលើអង្គហេតុដែលបង្ហាញនូវការពិត មិនមែនជាការចោទប្រកាន់គ្មានភស្តុតាងនោះឡើយ។ ការប្រើភាសាតាមអារម្មណ៍ និងរូបភាពមិនច្បាស់លាស់ មិនមែនជាការជំនួសឲ្យការបង្ហាញនូវការពិតយ៉ាងប្រាកដប្រជានោះទេ»។
គួរបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ាកំពុងការពារខ្លួន ជុំវីញការចោទប្រកាន់ដែលលើកឡើងមកដោយប្រទេសហ្គាំប៊ី ដែលថា ខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ារបស់ខ្លួន អំឡុងការបង្ក្រាប ក្នុងឆ្នាំ២០១៧។

ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ តែងតែបានបន្តអះអាងថា ការបង្ក្រាបដោយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា Tatmadaw គឺត្រឹមត្រូវ ដើម្បីកម្ចាត់ពួកឧទ្ទាមរ៉ូហ៊ីងយ៉ា បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ បានបណ្ដាលបុគ្គលិកសន្តិសុខជាច្រើននាក់ស្លាប់។
លោក Hlaing បានប្រាប់ចៅក្រមថា៖ «សហភាពមីយ៉ាន់ម៉ាមិនអាចនៅស្ងៀម ហើយអនុញ្ញាតឲ្យភេរវករគ្រប់គ្រងដោយសេរីលើរដ្ឋ Rakhine ភាគខាងជើងនោះឡើយ»។ លោក Hlaing បានបន្ថែមថា៖ «ការវាយប្រហារទាំងនេះ គឺជាមូលហេតុនាំឲ្យមានប្រតិបត្តិការបោសសម្អាត ជាពាក្យយោធាដែលសំដៅទៅលើប្រតិបត្តិការប្រឆាំងការបះបោរ ឬប្រឆាំងភេរវកម្ម»៕

