វាយកូនបាល់៖ អតីតកីឡាករវាយកូនបាល់លេខ ១ ពិភពលោក Novak Djokovic បានសម្រេចចិត្តដកខ្លួនមិនចូលរួមការប្រកួតពីរកម្មវិធីនៅទឹកដីអាមេរិកដែលរួមមាន Indian Wells និង Miami Open ដោយសារតែវិធានការសុខាភិបាលកូវីដ-១៩។

មិនខុសពីអូស្ត្រាលីឡើយ ជនបរទេសដែលចូលទៅកាន់ទឹកដីអាមេរិក តម្រូវឱ្យមានការបញ្ជាក់ភ្ជាប់នឹងការស្នើទិដ្ឋាការរបស់ខ្លួនថា បានចាក់វ៉ាក់សាំងត្រឹមត្រូវ។ កីឡាករស៊ែបវ័យ ៣៤ឆ្នាំរូបនេះធ្លាប់បានប្រាប់សារព័ត៌មាន BBC កាលពីខែមុនថា រូបគេមិនបានចាក់វ៉ាក់សាំងឡើយ មិនមែនប្រឆាំងតែជាការសម្រេចឯកជនរបស់គេ។ ម្ចាស់ជើងឯក Grand Slam ២០លើករូបនេះបានបង្ហាញនៅលើបណ្តាញសង្គមរបស់ខ្លួន ជាមួយនឹងការគោរពគោលការណ៍សុខាភិបាលរបស់អាមេរិក និងសម្រេចចិត្តមិនចូលរួម ទោះបីមានឈ្មោះស្វ័យប្រវត្តិនៅក្នុងកម្មវិធីទាំងពីរក្តី។ រំលឹកថា Novak Djokovic បានអវត្តមានពីការប្រកួត Grand Slam ដើមឆ្នាំ Australian Open កាលពីខែមករាដោយសារបញ្ហាវ៉ាក់សាំងកូវីដ-១៩ នេះ៕
អត្ថបទ៖នាង សុភាវុធ