វិមានក្រឹមឡាំង បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃសុក្រ (ទី១៦ ខែមករា ឆ្នាំ២០២៦) នេះ បានពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេសអ៊ីរ៉ង់ អំឡុងការជជែកតាមទូរស័ព្ទដាច់ដោយឡែកពីគ្នា ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ហើយបានបញ្ជាក់ថា ទីក្រុងមូស្គូមានឆន្ទៈក្នុងការជួយសម្របសម្រួលដល់បញ្ហា នៅក្នុងតំបន់នេះ។

ទីក្រុងតេអេរ៉ង់ បានបង្ក្រាបយ៉ាងខ្លាំងក្លា លើការតវ៉ាទូទាំងប្រទេសដែលបានផ្ទុះឡើងកាលពីចុងខែធ្នូឆ្នាំមុន ដែលជំរុញឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump ព្រមានថា លោកអាចនឹងធ្វើអន្តរាគមន៍។ កាលពីឆ្នាំមុន អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់បានធ្វើសង្គ្រាមរយៈពេល ១២ថ្ងៃជាមួយអ៊ីស្រាអែល។
រុស្ស៊ីបានបន្តទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ចាប់តាំងពីខ្លួនចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន ហើយលោក Putin កាលពីឆ្នាំមុន បានចុះហត្ថលេខាលើកតិកាសញ្ញាភាពជាដៃគូយុទ្ធសាស្ត្ររយៈពេល ២០ឆ្នាំជាមួយលោក Pezeshkian។
សម្រាប់ការសន្ទនាជាមួយលោក Netanyahu វិមានក្រឹមឡាំង បានឲ្យដឹងថា លោក Putin បានបង្ហាញនូវគំនិត ដើម្បីជំរុញឲ្យមានស្ថិរភាព នៅតំបន់មជ្ឈិមបូព៌ា និងបានបង្ហាញពីឆន្ទៈរបស់រុស្ស៊ី ក្នុងការ «មាននូវកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ខ្លួន និងលើកកម្ពស់ការសន្ទនាប្រកបដោយការស្ថាបនា ជាមួយនឹងការចូលរួមពីរដ្ឋដែលចាប់អារម្មណ៍ទាំងអស់»។
វិមានក្រឹមឡាំង បានបញ្ជាក់បន្ថែមថា ខ្លួននឹងផ្តល់ព័ត៌មាន នៅពេលក្រោយ សម្រាប់ការជជែកតាមទូរស័ព្ទជាមួយលោកលោក Pezeshkian៕

