នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលត្រៀមខ្លួនសម្រាប់ការបោះឆ្នោតដ៏តានតឹងមួយ នៅក្នុងខែមេសាខាងមុខនេះ បាននិយាយនៅថ្ងៃសុក្រ (ទី១៦ ខែមករា ឆ្នាំ២០២៦) នេះថា លោកនឹងចាប់ផ្តើមយុទ្ធការ «ញត្តិជាតិ» ក្នុងគោលបំណងស្វែងរកការគាំទ្រ ចំពោះគោលនយោបាយរបស់លោក ដើម្បីបដិសេធការផ្ដល់មូលនិធិរបស់សហភាពអឺរ៉ុប (EU) ដល់ប្រទេសជិតខាងអ៊ុយក្រែនដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ដោយសង្គ្រាមមិនបង្ហាញនូវសញ្ញាឈានដល់ទីបញ្ចប់ ហើយសេដ្ឋកិច្ចរបស់ប្រទេសហុងគ្រីនៅទ្រឹង លោក Orban បានកំណត់ក្របខ័ណ្ឌការបោះឆ្នោតថា ជាជម្រើស រវាងសង្គ្រាម និងសន្តិភាព ដោយលើកឡើងថា អ៊ុយក្រែនមិនសមនឹងទទួលបានការគាំទ្រ ហើយរដ្ឋាភិបាលរបស់លោកជាអ្នកការការពារតែមួយគត់ ប្រឆាំងនឹងជម្លោះ និងការរីករាលដាលនៃផលប៉ះពាល់ដល់សេដ្ឋកិច្ច។

ចាប់តាំងពីឆ្នាំមុន ផ្ទាំងប៉ាណូបោះឆ្នោត សម្រាប់គណបក្ស Fidesz របស់លោក Orban បានព្យាយាមភ្ជាប់មេដឹកនាំប្រឆាំង លោក Peter Magyar ជាមួយទីក្រុងប៊្រុចសែល និងអ៊ុយក្រែន ដោយលើកឡើងថា បោះឆ្នោតឲ្យគណបក្ស Tisza របស់គូប្រជែងខ្លួននេះ មានន័យថា ជាការបោះឆ្នោតឲ្យមានសង្គ្រាម។
យុទ្ធនាការរបស់លោក Orban ផ្តោតសំខាន់លើអ្នកបោះឆ្នោត នៅជនបទ និងបន្ទរតាមពីយុទ្ធនាការប្រឆាំងអន្តោប្រវេសន៍កន្លងមករបស់លោក ខណៈដែលការស្ទង់មតិភាគច្រើន បង្ហាញថា គណបក្ស Fidesz តាមពីក្រោយគណបក្ស Tisza។
សេចក្ដីលម្អិតនៃ «ញត្តិ» នោះ គឺមិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែវាហាក់ដូចជាការធ្វើប្រជាមតិក្រៅផ្លូវការ ក្នុងទម្រង់ជាសន្លឹកឆ្នោតដែលបានផ្ញើទៅប្រជាពលរដ្ឋ។ អមដោយការចោទប្រកាន់ក្រុមប្រឆាំងថា បានគាំទ្រអ៊ុយក្រែន លោក Orban បានប្រាប់វិទ្យុរដ្ឋនៅថ្ងៃសុក្រនេះថា៖ «មនុស្សគ្រប់គ្នានឹងទទួលបាន (ញត្តិជាតិ) ហើយនឹងទទួលបានឱកាសនិយាយថា ទេ និងរួមជាមួយរដ្ឋាភិបាល និយាយថា យើងនឹងមិនបង់ប្រាក់នោះទេ»៕
