ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាផ្លូវការជាមួយ រោងភាពយន្ត លេជេន ដែលជាខ្សែសង្វាក់រោងភាពយន្តឈានមុខរបស់កម្ពុជា។ នេះគឺជាកិច្ចសហការយុទ្ធសាស្ត្ររវាងម៉ាកយីហោល្បីៗចំនួនពីរក្នុងវិស័យអាកាសចរណ៍ និងការកម្សាន្ត។

ភាពជាដៃគូរនេះ ផ្តោតសំខាន់លើការបន្តពង្រឹងសម្ព័ន្ធភាពពាណិជ្ជកម្មក្នុងស្រុក និងការរួបរួមរវាងក្រុមហ៊ុនទាំងពីរ តាមរយៈ គំនិតផ្តួចផ្តើមទីផ្សាររួមគ្នា និងការផ្សព្វផ្សាយពាណិជ្ជកម្មផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក។ ដោយផ្អែកលើវិសាលភាពនៃក្រុមហ៊ុនទាំងពីរ កិច្ចសហការនេះ មានគោលបំណងបង្កើតឱ្យមានការចូលរួមយ៉ាងស្អិតរមួត ជាមួយអតិថិជន និងភ្ញៀវជាតិ-អន្តរជាតិ នៅទូទាំងប្រទេសកម្ពុជា។
រយៈពេលមួយឆ្នាំនៃភាពជាដៃគូ ក្រុមហ៊ុនទាំងពីរនឹងសហការគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើនយុទ្ធនាការកម្សាន្ត បែបចម្រុះ និងការធ្វើដំណើរដ៏សម្បូរបែប ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកទស្សនា និងអ្នកធ្វើដំណើរ ព្រមទាំងរួម ចំណែកគាំទ្រដល់វិស័យពាណិជ្ជកម្ម នៃប្រទេសកម្ពុជាផងដែរ។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា បានសម្តែងការសាទរ និងមានប្រសាសន៍ថា “អ៊ែរអេស៊ា ខេមបូឌា បានផ្សារភ្ជាប់ទំនាក់ទំនងប្រជាជាតិទៅកាន់ពិភពលោក រីឯរោងភាពយន្ត លេជេន បានតភ្ជាប់ទំនាក់ ទំនងសាធារណជនទៅកាន់ការកម្សាន្តដែលមានគុណភាព។ ភាពជាដៃគូនេះ គឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យ អ៊ែរអេស៊ា កាន់តែមានភាពលេចធ្លោនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងការពង្រីកវិសាលភាពទីផ្សារឱ្យកាន់តែទូលំទូលាយ”។

លោក Tan Twu Yang អគ្គនាយកផ្នែកទំនាក់ទំនងទីផ្សារ និងផ្នែកលក់ តំណាងរោងភាពយន្ត លេជេន បានបង្ហាញពីទស្សនៈសំខាន់នៃភាពជាដៃគូថា “នេះគឺជាកិត្តិយសដ៏ធំធេងសម្រាប់រោងភាពយន្តលេជេន ក្នុងការសហការជាមួយក្រុមហ៊ុនដែលមានសេវាកម្មល្អ និងការទុកចិត្តពីអន្តរជាតិ។ កិច្ចសហការនេះ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏វិសេស វិសាលជូនដល់អតិថិជនរាប់លាននាក់ ទាំងការកម្សាន្តក្នុងរោងភាពយន្ត និងការធ្វើដំណើរតាមផ្លូវអាកាស។
កិច្ចសហការនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ ក្នុងការគាំទ្រដល់វិស័យអាកាសចរណ៍ និងការកម្សាន្តនៅកម្ពុជា។ តាមរយៈការរួមបញ្ចូលការធ្វើដំណើរដែលមានតម្លៃសមរម្យ ជាមួយនឹងការកម្សាន្តដែលមានគុណភាព អ៊ែរអេស៊ា ខេមបូឌា និងរោងភាពយន្ត លេជេន ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមចំណែកគាំទ្រដល់វិស័យទេសចរណ៍ និងការកម្សាន្តក្នុងស្រុក តាមរយៈគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត៕ អត្ថបទ៖ ឈិត បូរ៉ាវី





