មន្ត្រីនៃរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា ប្រទេសកាណាដា នឹងសោកស្តាយចំពោះការសម្រេចចិត្តរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យនាំចូលរថយន្តអគ្គិសនីចិនរហូតដល់៤៩.០០០គ្រឿង ហើយរថយន្តទាំងនោះនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងសហរដ្ឋអាមេរិកទេ។
លោក Sean Duffy រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រនៅក្នុងព្រឹត្តិការណ៍មួយជាមួយមន្ត្រីរដ្ឋាភិបាលផ្សេងទៀតនៅរោងចក្ររបស់ក្រុមFord ក្នុងរដ្ឋ Ohio ដើម្បីផ្សព្វផ្សាយពីកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យរថយន្តមានតម្លៃសមរម្យជាងមុនថា «ខ្ញុំគិតថាពួកគេ នឹងគិតឡើវិញចំពោះការសម្រេចចិត្តនេះ ហើយប្រាកដជាសោកស្តាយចំពោះការនាំយករថយន្តចិនចូលទៅក្នុងទីផ្សាររបស់ខ្លួន»។
ប្រទេសកាណាដាក្នុងឆ្នាំ ២០២៤ បានដាក់ការដំឡើងពន្ធ១០០ ភាគរយលើរថយន្តអគ្គិសនីចិន (EV) បន្ទាប់ពីការដំឡើងពន្ធស្រដៀងគ្នារបស់សហរដ្ឋអាមេរិក។ ប៉ុន្តែកាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនៅទីក្រុងប៉េកាំង ដែលនឹងអនុញ្ញាតឱ្យរថយន្តអគ្គិសនីចិនរហូតដល់៤៩.០០០គ្រឿងក្នុងអត្រាដំឡើងពន្ធ ៦,១ ភាគរយលើលក្ខខណ្ឌអនុគ្រោះបំផុតរបស់ប្រទេស។ ចំណាត់ការនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅសហរដ្ឋអាមេរិកថា វាអាចជួយប្រទេសចិនឱ្យទទួលបានជំហរកាន់តែទូលំទូលាយនៅអាមេរិកខាងជើង ទោះបីជាទីក្រុងវ៉ាស៊ីនតោនមានជំហរតឹងរ៉ឹងលើរថយន្ត និងគ្រឿងបន្លាស់រថយន្តរបស់ប្រទេសកាណាដាក៏ដោយ។
លោក Jamieson Greer អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយថា ចំនួនយានយន្តមានកំណត់នេះនឹងមិនប៉ះពាល់ដល់ក្រុមហ៊ុនរថយន្តអាមេរិកដែលនាំចេញរថយន្តទៅកាន់ប្រទេសកាណាដាទេ។

