បាល់ទាត់៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នឹងឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ស្អែកនេះហើយក្រោយរកឃើញបេក្ខភាព ៤ក្រុមចុងក្រោយកាលពីចុងសប្ដាហ៍មុន។

សម្រាប់កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួមមានក្រុម TN Kandal ត្រូវជួបក្រុមយុវជនស្រុកខ្សាច់កណ្ដាល និងក្រុមយុវជនស្រុកល្វាឯមត្រូវជួបក្រុមយុវជនស្រុកមុខកំពូល ដែលការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋានខេត្តកណ្ដាលតែមួយគត់។ ចំពោះក្រុមទទួលបានជ័យជម្នះនឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៣ ខែមីនាចុងសប្ដាហ៍នេះ។ គួរដឹងថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីបំផុសស្មារតីបំផុសចលនាយុវជននៅតាមបណ្តាក្រុង-ស្រុក និងមន្ទីរជំនាញជុំវិញខេត្តកណ្ដាល ក៏ដូចជាវិស័យឯកជនដែលស្រលាញ់វិស័យកីឡា មានឱកាសបង្ហាញសមត្ថភាព ទេពកោសល្យ ហើយក្លាយជាធនធានតំណាងខេត្ត សម្រាប់ឈានទៅចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសគាំទ្រយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គង់ សោភ័ណ្ឌ ក្នុងពិធីបើកការប្រកួតកាលពីដើមខែកុម្ភៈកន្លងទៅ៕
អត្ថបទ៖ លី ឈុនឡា