គណៈប្រតិភូយោធាអាមេរិកមួយក្រុម បានទៅដល់តំបន់ជម្លោះមួយនៅភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃសុក្រ បន្ទាប់ពីភាពតានតឹងកើនឡើងរវាងរដ្ឋាភិបាលស៊ីរី និងកងកម្លាំងដឹកនាំដោយឃើដ ដែលគ្រប់គ្រងភាគច្រើននៃភាគឦសាន។
សហរដ្ឋអាមេរិកមានទំនាក់ទំនងល្អជាមួយភាគីទាំងពីរ ហើយបានជំរុញឲ្យមានភាពស្ងប់ស្ងាត់។ អ្នកនាំពាក្យយោធាអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
នាព្រឹកថ្ងៃសុក្រ មនុស្សជាច្រើននាក់ដែលកាន់អីវ៉ាន់របស់ពួកគេ បានមកដល់តំបន់ដែលកាន់កាប់ដោយ រដ្ឋាភិបាលនៅភាគខាងជើងប្រទេសស៊ីរី មុនពេលមានការវាយលុកដែលអាចកើតមានដោយកងទ័ពស៊ីរីលើទឹកដីដែលគ្រប់គ្រងដោយយុទ្ធជនដឹកនាំដោយឃើដ នៅភាគខាងកើតនៃទីក្រុងអាឡេប៉ូ។
ជនស៊ីវិលជាច្រើនដែលបានភៀសខ្លួនត្រូវបានគេមើលឃើញថា ប្រើប្រាស់ផ្លូវតូចៗ ដើម្បីទៅដល់តំបន់ដែលកាន់កាប់ដោយរដ្ឋាភិបាល ពីព្រោះផ្លូវហាយវេដ៏សំខាន់នោះ ត្រូវបានបិទដោយប៉ុស្តិ៍ត្រួតពិនិត្យមួយ នៅក្នុងទីក្រុង Deir Hafer ដែលជាធម្មតាត្រូវបានគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី ឬ SDF ដែលដឹកនាំដោយឃើដ និងគាំទ្រដោយសហរដ្ឋអាមេរិក៕

