កងម៉ារីនអង់គ្លេសដែលឈរជើងនៅជំរំ Viking ក្នុងប្រទេសន័រវែស កំពុងធ្វើប្រតិបត្តិការប្រយុទ្ធ ក្នុងស្ថានភាពអាកាសធាតុមិនអំណោយផល ដើម្បីត្រៀមសម្រាប់សេណារីយោដ៏អាក្រក់បំផុត ដែលពាក់ព័ន្ធនឹងការធ្វើឲ្យដំណើរការនូវមាត្រា ៥ របស់អង្គការណាតូស្តីពីការការពាររួម និងជម្លោះប្រដាប់អាវុធដែលអាចកើតមានជាមួយរុស្ស៊ី។ នេះបើយោងតាមរបាយការណ៍របស់កាសែត Politico។
យោងតាមរបាយការណ៍បានឲ្យដឹងថា ចំនួនបុគ្គលិកនៅមូលដ្ឋាននេះ ត្រូវបានគេរំពឹងថា នឹងឡើងដល់ ១.៥០០នាក់ នៅនិទាឃរដូវឆ្នាំ ២០២៦ និងកើនឡើងដល់ ២.០០០ នាក់ នៅត្រឹមឆ្នាំ ២០២៧។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Politico រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Yvette Cooper បាននិយាយថា ទីក្រុងឡុងដ៍មានគម្រោងបង្កើនចំនួនកងម៉ារីនរបស់ខ្លួនទ្វេដង នៅក្នុងប្រទេសន័រវែស ក្នុងរយៈពេល បីឆ្នាំ។
ការបោះពុម្ពផ្សាយនេះរបស់កាសែតនេះ រំលឹកថា ចក្រភពអង់គ្លេសបានប្រកាសពីការបង្កើតមូលដ្ឋានអាក់ទិក នៅក្នុងប្រទេសន័រវែស ក្នុងឆ្នាំ ២០២៣។
នៅថ្ងៃទី១៧ ខែធ្នូ ថ្លែងនៅក្នុងកិច្ចប្រជុំក្រសួងការពារជាតិរុស្ស៊ី លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា អ្នកនយោបាយនៅអឺរ៉ុបកំពុង «បង្កើនកម្រិតនៃភាពភ័យស្លន់ស្លោ» និង «បង្កើតការភ័យខ្លាច» អំពីភាពជៀសមិនរួចនៃការប៉ះទង្គិចជាមួយរុស្ស៊ី។ លោកបានលើកឡើងថា ការអះអាងអំពីការវាយប្រហាររបស់រុស្ស៊ីលើអឺរ៉ុប គឺជា «ការភូតកុហក និងមិនសមហេតុផល»៕

