ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការអប់រំប្រកបដោយគុណភាពនឹងជួយបង្កើតយុវជនដែលមានទាំងចំណេះដឹង ជំនាញ និងសីលធម៌ សមស្របនឹងតម្រូវការសង្គមសម័យសតវត្សរ៍ទី២១។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលឯកឧត្ដម អញ្ជើញធ្វើបាឋកថាពិសេស ស្ដីពី «យុវជន និងការអប់រំនៅកម្ពុជាឆ្នាំ២០៣០» ក្នុងកម្មវិធីបោះជំរំយុវជនជាសកលលើកទី១១ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា យុវជនត្រូវបានចាត់ទុកថាជាកម្លាំងស្នូល និងជាធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់អនាគតនៃប្រទេសជាតិ។ ក្នុងបរិបទនៃការផ្លាស់ប្តូររហ័សផ្នែកសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យាសកល ប្រធានបទ«យុវជន និងការអប់រំនៅកម្ពុជាឆ្នាំ២០៣០» បង្ហាញពីចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍយុវជនឱ្យមានសមត្ថភាពពេញលេញ ដើម្បីក្លាយជាកម្លាំងដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិឱ្យមានភាពរឹងមាំ និងចីរភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបន្ថែមថា ការអប់រំជាគ្រឹះសំខាន់បំផុតសម្រាប់ការអភិវឌ្ឍយុវជននៅកម្ពុជា ឆ្នាំ២០៣០។ ការអប់រំនាពេលអនាគត មិនត្រឹមតែផ្តោតលើការផ្ទេរចំណេះដឹងតាមសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការអភិវឌ្ឍសមត្ថភាពជាក់ស្តែង ដូចជា ជំនាញគិតវិភាគ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត ការងារជាក្រុម និងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមបានសង្គត់ធ្ងន់ថា «ការអប់រំប្រកបដោយគុណភាពនឹងជួយបង្កើតយុវជនដែលមានទាំងចំណេះដឹង ជំនាញ និងសីលធម៌ សមស្របនឹងតម្រូវការសង្គមសម័យសតវត្សរ៍ទី២១។»

ឯកឧត្តម រដ្ឋមន្ត្រីបានរំលេចផងដែរថា ក្នុងយុគសម័យឌីជីថល ការបញ្ចូលបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំ គឺជាកត្តាសំខាន់មួយសម្រាប់កម្ពុជាឆ្នាំ២០៣០។ យុវជនត្រូវមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍ឌីជីថលដោយច្នៃប្រឌិត មានទំនួលខុសត្រូវ និងមានសុវត្ថិភាព។ ការរៀនតាមប្រព័ន្ធឌីជីថល និងការរៀនពេញមួយជីវិត នឹងជួយបើកឱកាសសិក្សាស្មើភាព និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់យុវជននៅលើឆាកជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ ការអប់រំនៅកម្ពុជា ២០៣០ ត្រូវតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ការផ្តោតលើជំនាញវិជ្ជាជីវៈ STEM សហគ្រិនភាព នវានុវត្តន៍ និងការអនុវត្តជាក់ស្តែង នឹងជួយឱ្យយុវជនអាចរកការងារធ្វើបាន មានសមត្ថភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងអាចសម្របខ្លួនទៅនឹងការប្រែប្រួលនៃពិភពការងារនាពេលអនាគត។
ដើម្បីសម្រេចបាននូវចក្ខុវិស័យ «យុវជន និងការអប់រំនៅកម្ពុជា ២០៣០» ការចូលរួម រួមគ្នារបស់រាជរដ្ឋាភិបាល ស្ថាប័នអប់រំ គ្រួសារ សហគមន៍ វិស័យឯកជន និងយុវជនផ្ទាល់ គឺមានសារៈសំខាន់យ៉ាងខ្លាំង។ ការបង្កើតបរិយាកាសអប់រំដែលគាំទ្រ លើកទឹកចិត្ត និងផ្តល់ឱកាសស្មើភាព នឹងជួយបណ្តុះបណ្តាលយុវជនកម្ពុជាឱ្យក្លាយជាពលរដ្ឋមានចក្ខុវិស័យ មានស្មារតីទទួលខុសត្រូវ និងមានសមត្ថភាពចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្ដមបានបញ្ជាក់ផងដែរថា ប្រធានបទ «យុវជន និងការអប់រំនៅកម្ពុជា ២០៣០» បង្ហាញពីបេសកកម្មរួមក្នុងការកសាងយុវជនឱ្យមានគុណភាព គុណធម៌ និងសមត្ថភាពគ្រប់វិស័យ ដើម្បីធានាថាកម្ពុជាអាចឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងមានកិត្តិយសក្នុងសហគមន៍អន្តរជាតិនៅឆ្នាំ២០៣០៕







