ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ដែលគ្រោងរៀប ចំឡើងនៅចុងខែមីនានេះ ត្រូវបានលើកពេល ដោយសារថ្នាក់ដឹកនាំប្រជុំ ដែលត្រូវចូលរួម ជាប់រវល់ ។
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានឱ្យ ដឹងថា បច្ចុប្បន្ន ឥណ្ឌូនេស៊ី ជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនា រវាងអាស៊ាន និងសហរដ្ឋអាម៉េរិក ហើយកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក បានស្នើឡើងដោយសហរដ្ឋអាម៉េរិក ត្រូវបាន ឯកភាពដោយថ្នាក់ដឹកនាំកំពូលអាស៊ាន ។
ឯកឧត្តម បានបន្តថា កាលបរិច្ឆេទ ត្រូវបានស្នើឡើងសម្រាប់កិច្ចប្រជុំកំពូល ហើយឥណ្ឌូនេស៊ី បាន ខិតខំអស់ពីសមត្ថភាពក្នុងការសម្របសម្រួល ដើម្បីស្វែងរកកាលបរិច្ឆេទមួយ ដែលអាចទទួលយកបាន ដោយថ្នាក់ដឹកនាំទាំងអស់ តែគួរឲ្យសោកស្តាយ កាលបរិច្ឆេទ ដែលបានស្នើឡើង គឺមិនសមស្របសម្រាប់ ថ្នាក់ដឹកនាំ ដោយសារភាពជាប់រវល់ច្រើន របស់ថ្នាក់ដឹកនាំ ហេតុដូចនេះហើយ ភាគីទាំងសងខាង អាស៊ាន និងសហរដ្ឋអាម៉េរិក បានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ និងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានបន្ថែមថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន គឺប្រកាន់ ភាពបត់បែនទៅលើកាលបរិច្ឆេទ ដែលបានស្នើឡើង និងបានធ្វើការសម្របសម្រួលជាពិសេសទៅលើ របៀបវារៈនៅក្នុងប្រទេស ដើម្បីបំពេញកាតព្វរបស់ខ្លួនក្នុងតំបន់ និងអន្តរជាតិ តែដើម្បីភាពសមស្រប និង លទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជា បានឯកភាពជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការលើកពេល កិច្ចប្រជុំនេះ ។
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ ត្រូវបានសេតវិមាន ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសថា នឹងរៀបចំឡើងនៅថ្ងៃទី២៨-២៩ ខែមីនា នេះ បន្ទាប់ពីបាន លើកពេលជាង១ខែ ទោះជាយ៉ាងនេះក្តី មេដឹកនាំអាស៊ានមួយចំនួន មិនទាន់ឯកភាពនឹងពេលវេលា ដែលប្រកាសដោយសហរដ្ឋអាម៉េរិក នៅឡើយទេ៕អត្ថបទ៖ បាន សុខរិទ្ធ

រូបភាព៖ ឯកសារ