មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បាននិយាយកាលពីថ្ងៃសៅរ៍ ១៧ មករា ថា ក្រុមអាជ្ញាធរត្រូវតែបំបែកខ្នងបង្អែករបស់កក្រុមអ្នកបះបោរ ដោយស្តីបន្ទោសប្រធានាធិបតីអាមេរិក Donald Trump ចំពោះអ្នកស្លាប់ បន្ទាប់ពីការបង្ក្រាបដ៏សាហាវលើការតវ៉ាប្រឆាំងនឹងមេដឹកនាំបព្វជិតរបស់ប្រទេសនេះ។
អ៊ីរ៉ង់ត្រូវបានរង្គោះរង្គើដោយការតវ៉ាជាច្រើនសប្តាហ៍បង្កឡើងដោយកំហឹងលើការលំបាកផ្នែកសេដ្ឋកិច្ច ដែលបានផ្ទុះឡើងឈានដល់ការតវ៉ាដ៏ធំបំផុតប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះ ក្នុងរយៈពេលជាងបីឆ្នាំ។
ប៉ុន្តែការតវ៉ាបានថយចុះបន្ទាប់ពីការបង្ក្រាបដែលក្រុមសិទ្ធិមនុស្សនិយាយថាបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ក្រោមការដាច់អ៊ីនធឺណិតដែលមានរយៈពេលជាងមួយសប្តាហ៍។
ក្រុមសិទ្ធិមនុស្សអ៊ីរ៉ង់មានមូលដ្ឋាននៅន័រវេស និយាយថាការប៉ាន់ប្រមាណផ្សេងទៀតបានដាក់ចំនួនអ្នកស្លាប់ជាង៥.០០០នាក់ ហើយអាចមានចំនួនខ្ពស់ដល់២០.០០០នាក់។
ក្រុមអាជ្ញាធរបាននិយាយថា បាតុកម្មដែលពួកគេថ្កោលទោសថាជា កុបកម្មត្រូវបានគ្រប់គ្រង ហើយភាពស្ងប់ស្ងាត់បានវិលត្រឡប់មកវិញ ដោយប្រព័ន្ធផ្សព្វផ្សាយគាំទ្រដោយរដ្ឋបានរាយការណ៍ពីការចាប់ខ្លួនមនុស្សរាប់ពាន់នាក់ ហើយក្រុមមន្ត្រីសន្យាថានឹងដាក់ទណ្ឌកម្មយ៉ាងឆាប់រហ័សចំពោះអ្នកដែលត្រូវបានឃុំខ្លួន។
ក្រុមអាជ្ញាធរអ៊ីរ៉ង់បានស្តីបន្ទោសរលកនៃការតវ៉ាចុងក្រោយបំផុតទៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលជាសត្រូវដ៏ជូរចត់ ដោយនិយាយថាពួកគេបានដុតបញ្ឆេះឱ្យមានប្រតិបត្តិការភេរវកម្ម ដែលបានឆក់ឱកាសកេញចំណេញលើការតវ៉ាដោយសន្តិវិធីលើបញ្ហាសេដ្ឋកិច្ច៕