សៀមរាប ៖ ក្រោយចំណាយពេល១ម៉ោង ក្នុងការអាន និងសរសេរតាមដានអាននោះ ការប្រកួតសំណេរអង្គរ បានបញ្ចប់នៅម៉ោងជិត១០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ។ ការអានអត្ថបទមួយៗ ច្បាស់ៗ ពីព្រះអង្គគ្រូ ហាក់ សៀងហៃ សម្រាប់បេក្ខជន បេក្ខសមណចំនួនជាង ១៨០០អង្គ/នាក់ ខណៈ បរិយាកាសសរសេរតាមអាននេះ បានបញ្ចប់ដោយរលូន និងពោរពេញដោយស្នាមញញឹម។
គណៈមេប្រយោគ បានប្រមូលសន្លឹកកិច្ចការពីបេក្ខជន និងបេក្ខសមណ បញ្ជូនទៅមណ្ឌលកំណែ ដែលស្ថិតនៅសណ្ឋាគារ សូហ្វីតែលអង្គរ។ លុះពេលរសៀល បេក្ខជន-បេក្ខសមណ ទាំងអស់នឹងត្រឡប់មកជួបជុំគ្នាវិញ នៅលើស្ពានហាល និងអង្គុយនៅទីតាំងដើម ក្នុងការរងចាំស្តាប់លទ្ធផល។
កម្មវិធីប្រកួត«សំណេរអង្គរ»លើកទី៣ ឆ្នាំ២០២៦នេះ មានបេក្ខជន និងបេក្ខសមណចូលរួម សរុប ១៨៦០អង្គ/នាក់ ដែលជាចំនួនដ៏ច្រើន បើធៀបនឹងការរៀបចំចំនួនពីរលើកកន្លងមក។ សម្រាប់ការប្រកួតនៅឆ្នាំនេះ មានវត្តមានព្រះសង្ឃ ចំនួន២៣១អង្គ។ ចំណែក បេក្ខជន ចាស់ជាងគេអាយុ៨២ឆ្នាំ និងក្មេងជាងគេ៥ឆ្នាំ។

















