ពោធិ៍សាត់៖ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ដឹកនាំដោយឯកឧត្តម ជិត ប៉ុណ្ណារ៉ា និង លោកជំទាវ យូ ស្រីលាភ សហការជាមួយក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បានធ្វើការចុះពិនិត្យព្យាបាលភ្នែកដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងចែកសម្ភារៈសិក្សាជូនសិស្សក្រីក្រនៅ នៅតំបន់បឹងទន្លេសាប ភូមិបណ្តែតទឹក ព្រែកក្រ ដីរនាត និងក្អមសំណ ក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ពិធីព្យាបាលភ្នែកដោយឥតគិតថ្លៃនេះ ត្រូវបានធ្វើឡើងនៅលើ ភូមិបណ្តែតទឹកព្រែកក្រ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន ។
ឯកឧត្តម ជិត ប៉ុណ្ណារ៉ា បានឲ្យដឹងថា ដោយមានការស្នើរសុំពីក្រុមការងារចុះជួយស្រុកបាកាន ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត បានចុះមកផ្តល់សេវាពិនិត្យព្យាបាលភ្នែក ដោយឥតគិតប្រាក់ ជូនប្រជាពលរដ្ឋនៅតំបន់ភូមិបណ្តែតទឹកដាច់ស្រយាល ក្នុងស្រុកបាកាន ក្នុងគោលបំណងរួមចំណែកកាត់បន្ថយការចំណាយ និងការលំបាកនានារបស់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ ។ ឯកឧត្តម ជិត ប៉ុណ្ណារ៉ា បានបន្ថែមថា ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត បានចុះផ្តល់សេវាពិនិត្យព្យាបាលភ្នែក ដោយឥតគិតប្រាក់ ជូនប្រជាពលរដ្ឋតាមបណ្តាក្រុង-ស្រុកនានាក្នុងខេត្តពោធិ៍សាត់ ជាច្រើនលើកច្រើនសារ តាំងពីឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ននេះ ក្រោមការផ្តួចផ្តើមឡើងដោយឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដោយកន្លងមក គឺមានទាំងការពិនិត្យ ការព្យាបាលភ្នែក វាស់ភ្នែក វះកាត់បកភ្នែកនិងកន្ទុយថ្លែនភ្នែក ផ្តល់ថ្នាំភ្នែក និងផ្តល់វ៉ែនតាដោយឥតគិតប្រាក់ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានលើកឡើងថា នេះជាលើកទី២ហើយដែលឯកឧត្តម ជិត ប៉ុណ្ណារ៉ា និង លោកជំទាវ យូ ស្រីលាភ បានដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះមកស្រុកបាកាន ដោយក្នុងឆ្នាំ២០២៤ ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និង លោកជំទាវ យូ ស្រីលាភ បានដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត និងរថយន្តវះកាត់ភ្នែកចល័ត ធ្វើការពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងស្រុកបាកាន បានប្រមាណ៣៥០០នាក់នាក់ ក្នុងនោះ៩៦១នាក់ទទួលបានថ្នាំព្យាបាលភ្នែក និង១០នាក់ទទួលបានការវះកាត់បកភ្នែក និងកន្ទុយថ្លែនផ្ទាល់នៅទីតាំងដោយរថយន្តវះកាត់ចល័ត ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ និងក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ដែលបានលះបង់ទាំងថវិកា កំលាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន ចុះមកពិនិត្យព្យាបាលភ្នែក ផ្តល់ទាំងថ្នាំនិងវ៉ែនតាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ព្រមទាំងនាំយកសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សនៅទីដាច់ស្រយាល តំបន់ភូមិបណ្តែទឹកបឹងទន្លេសាប ក្នុងស្រុកបាកាន ។ ដែលនេះគឺជាសកម្មភាពមនុស្សធម៌ រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខមាភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ចូលរួមកាត់បន្ថយភាពក្រីក្រ ហើយឯកឧត្តម សង្ឃឹមថាឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ នឹងបន្តដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះមកស្រុកបាកាន ជាបន្តបន្ទាប់ទៀតដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។
សូមជម្រាបជូនថា ក្នុងរយៈពេល១ថ្ងៃ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត បានធ្វើការពិនិត្យព្យាបាលភ្នែក ផ្តល់ថ្នាំនិងវ៉ែនតា ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋលោកយាយលោតា ចាស់ជរា និងសិស្សានុសិស្ស ប្រមាណជិត១០០០នាក់ និងផ្តល់សម្ភារៈសិក្សាជូនដល់សិស្សានុសិស្សចំនួន៤៩៥នាក់ មកពីសាលាបឋមសិក្សាដីរនាត សាលាបឋមសិក្សាព្រែកក្រ សាលាបឋមសិក្សាក្អមសំណ និងមត្តេយ្យសហគមន៍ ព្រមទាំងផ្តល់វត្ថុកំដរដៃជូនលោកគ្រូអ្នកគ្រូចំនួន១២នាក់ ៕




















