ក្នុងការរិះគន់ដ៏កម្រមួយចំពោះសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន រដ្ឋាភិបាលអ៊ីស្រាអែលកំពុងជំទាស់នឹងការប្រកាសរបស់សេតវិមានអំពីមេដឹកនាំដែលនឹងដើរតួនាទីក្នុងការត្រួតពិនិត្យជំហានបន្ទាប់នៅក្នុងតំបន់ហ្កាហ្សា។
ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ មួយថ្ងៃបន្ទាប់ពីការប្រកាសនេះថា គណៈកម្មាធិការប្រតិបត្តិតំបន់ហ្កាហ្សា មិនបានសម្របសម្រួលជាមួយអ៊ីស្រាអែលទេ ហើយផ្ទុយនឹងគោលនយោបាយរបស់ខ្លួន។ សេចក្តីថ្លែងការណ៍នេះបាននិយាយថាលោក Netanyahu បានប្រាប់រដ្ឋមន្ត្រីការបរទេសឱ្យទាក់ទងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។
ប៉ុន្មាននាទីបន្ទាប់ពីសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក Netanyahu រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល លោក Itamar Ben-Gvir នៅក្នុងសេចក្តីថ្លែងការណ៍មួយបានគាំទ្រនាយករដ្ឋមន្ត្រី និងជំរុញលោកបញ្ជាឱ្យយោធាត្រៀមខ្លួនដើម្បីវិលត្រឡប់ទៅរកសង្គ្រាមវិញ។
សេតវិមានបានចេញផ្សាយឈ្មោះមេដឹកនាំមួយចំនួនដែលនឹងដើរតួនាទីនៅក្នុងគណៈកម្មាធិការនោះ ។ បញ្ជីនេះមិនរាប់បញ្ចូលមន្ត្រីអ៊ីស្រាអែលណាមួយទេ ប៉ុន្តែរួមបញ្ចូលអ្នកជំនួញអ៊ីស្រាអែលម្នាក់ផងដែរ។
ប្រធានាធិបតីអាមេរិកក៏បានតែងតាំងលោក Marco Rubio រដ្ឋមន្ត្រីការបរទេស អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Tony Blair និងអ្នកចរចាជាន់ខ្ពស់លោក Jared Kushner និងលោក Steve Witkoff ទៅក្នុងក្រុមប្រឹក្សាសន្តិភាព ដែលភាគច្រើនក៏ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិហ្កាហ្សាផងដែរ៕