ប្រជាជនអ៊ីស្រាអែលបានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ ១៧ មករា ទាមទារឲ្យមានគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយលើព្រឹត្តិការណ៍ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលក្រុមហាម៉ាសសម្រុកចូលវាយប្រហារសម្លាប់មនុស្សរង្គាល និងសម្រាប់ការផ្លាស់ប្តូររដ្ឋាភិបាល។
ក្រុមអ្នកតវ៉ាបាននិយាយថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបដិសេធមិនទទួលខុសត្រូវចំពោះការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស លើអ៊ីស្រាអែលដែលបានបង្កឱ្យមានសង្គ្រាមនៅក្នុងទឹកដីហ្កាហ្សាសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់។
ក្រុមអ្នកតវ៉ាបានបន្ថែមថា ពួកគេកំពុងតវ៉ាប្រឆាំងនឹងការផ្លាស់ប្តូរប្រព័ន្ធតុលាការ និងការការពារលទ្ធិប្រជាធិបតេយ្យ។
សាកសពរបស់ចំណាប់ខ្មាំងអ៊ីស្រាអែលចុងក្រោយ គឺមន្ត្រីនគរបាលឈ្មោះ Ran Gvili នៅតែមិនទាន់ត្រូវបានបញ្ជូនត្រឡប់មកវិញពីដែនដីហ្កាហ្សានៅឡើយទេ។
ការរុករកសាកសពរបស់លោកគឺមានសារៈសំខាន់ចំពោះផែនការមួយដែលសម្របសម្រួលដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធានាសន្តិភាពរវាងដែនដីហ្កាហ្សា និងអ៊ីស្រាអែល៕