ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា លោក Keir Starmer បានប្រាប់លោក Donald Trump ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យថា វានឹងខុស ក្នុងការអនុវត្តពន្ធលើសម្ព័ន្ធមិត្តដែលប្រឆាំងនឹងការកាន់កាប់កោះហ្គ្រីនលែន (Greenland) របស់សហរដ្ឋអាមេរិក ។

នេះជាលើកដំបូងដែលមេដឹកនាំទាំងពីរបាននិយាយគ្នាចាប់តាំងពីប្រធានាធិបតីអាមេរិកបានសន្យាថានឹងដាក់ពន្ធ១០% លើទំនិញដែលនាំចូលពីប្រទេសអឺរ៉ុបចំនួន៨ រួមទាំងចក្រភពអង់គ្លេស រហូតដល់កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ជាការបើកផ្លូវឲ្យសហរដ្ឋអាមេរិកទិញយកកោះនេះ។
សេតវិមានបានបង្កើនការអំពាវនាវឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាកដោយផ្អែកលើមូលដ្ឋានសន្តិសុខជាតិ ដែលធ្វើឱ្យទាំងសម្ព័ន្ធមិត្តអឺរ៉ុប និងអ្នករស់នៅលើកោះនេះមានក្ដីបារម្ភខ្លាំង។

លោក Keir បាននិយាយម្តងហើយម្តងទៀតថាអនាគតរបស់កោះ Greenland ត្រូវតែសម្រេចដោយប្រជាជនរបស់ខ្លួន និងប្រជាជនដាណឺម៉ាក។

បន្ទាប់ពីការហៅទូរស័ព្ទនេះ អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយថា នាយករដ្ឋមន្ត្រីបានប្រាប់លោក Trump ថា សន្តិសុខខ្ពស់នៅភាគខាងជើង គឺជាអាទិភាពសម្រាប់សម្ព័ន្ធមិត្តណាតូទាំងអស់ ដើម្បីការពារផលប្រយោជន៍អឺរ៉ុប-អាត្លង់ទិក៕