ប្រធានាធិបតីហ្គាតេម៉ាឡា លោក Bernardo Arevalo កាលពីថ្ងៃអាទិត្យ (១៨ មករា) បានប្រកាសដាក់រដ្ឋឱ្យស្ថិតក្នុង «ស្ថានភាពហ៊ុមព័ទ្ធ» ទូទាំងប្រទេសរយៈពេល ៣០ថ្ងៃ បន្ទាប់ពីរលកនៃការវាយប្រហារបែបសម្របសម្រួល ប្រឆាំងនឹងនគរបាលស៊ីវិលជាតិ ដែលបណ្តាលឱ្យមន្ត្រីយ៉ាងតិច ៧នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស នេះបើយោងតាមតួលេខអាជ្ញាធរ។

លោក Arevalo បានថ្លែងថា ចំណាត់ការគ្រាអាសន្នដ៏ពិសេសនេះ មានគោលបំណងពង្រឹងសកម្មភាពរបស់រដ្ឋ ប្រឆាំងនឹងក្រុមឧក្រិដ្ឋជន និងធានាសន្តិសុខសាធារណៈ បន្ទាប់ពីអំពើហិង្សាផ្ទុះឡើង ទាក់ទងនឹងកុបកម្មក្នុងពន្ធនាគារ ដែលសមាជិកក្រុមជនអន្ធពាលបានចាប់មនុស្ស ៤៦នាក់ ធ្វើជាចំណាប់ខ្មាំង នៅក្នុងមណ្ឌលឃុំឃាំងចំនួន៣។
ប្រធានាធិបតីរូបនេះ ក៏បានប្រកាសកាន់ទុក្ខជាតិរយៈពេល ៣ថ្ងៃ សម្រាប់មន្ត្រីដែលបានស្លាប់ ហើយបានបញ្ជាក់ថា អាជ្ញាធរគ្រប់គ្រងពន្ធនាគារទាំង ៣ទីតាំងនោះបានវិញហើយ ហើយចំណាប់ខ្មាំងក៏ត្រូវបានរំដោះអស់ដែរ ខណៈសមាជិកជនអន្ធពាលមួយចំនួនបានស្លាប់។ លោកបន្តថា កងកម្លាំងនឹងនៅតែដាក់ពង្រាយទូទាំងប្រទេស ដើម្បីការពារប្រជាជន និងរក្សាសណ្តាប់ធ្នាប់សាធារណៈ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលហ្គាតេម៉ាឡា បានសំដៅទៅលើអំពើហិង្សានេះថា ជាការសងសឹកដោយក្រុមឧក្រិដ្ឋជន ប្រឆាំងនឹងសកម្មភាពរបស់រដ្ឋ។ ក្រោមច្បាប់ហ្គាតេម៉ាឡា ស្ថានភាពហ៊ុមព័ន្ធនេះមានន័យថា ជាការដាក់កម្រិត ឬផ្អាកសេរីភាពស៊ីវិលបណ្ដោះអាសន្ន និងពង្រីកអំណាចកងកម្លាំងសន្តិសុខ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដល់សណ្ដាប់ធ្នាប់សារធារណៈ៕


