មន្ត្រីអាមេរិកពីររូប បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យ (១៨ មករា) ថា មន្ទីរបញ្ចកោណ បានបញ្ជាឱ្យទាហានបំពេញកាតព្វកិច្ចសកម្ម ប្រហែល ១.៥០០នាក់ នៅរដ្ឋ Alaska ត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការដាក់ពង្រាយទៅកាន់រដ្ឋ Minnesota ជាទីដែលមានការតវ៉ាទ្រង់ទ្រាយធំយ៉ាងតានតឹង ប្រឆាំងនឹងការនិរទេសជនអន្តោប្រវេសន៍របស់រដ្ឋាភិបាល។

មន្ត្រីទាំងនោះបាននិយាយថា កងទ័ពសហរដ្ឋអាមេរិក បានចេញបញ្ជាឱ្យអង្គភាពនានាត្រៀមខ្លួនដាក់ពង្រាយ ក្នុងករណីដែលអំពើហិង្សានៅក្នុងរដ្ឋភាគកណ្តាលប៉ែកខាងលិចមួយនេះ មានការកើនឡើងខ្លាំង ប៉ុន្តែការបញ្ជូនជាក់ស្ដែងនៃកងកម្លាំងទាំងនោះ មិនទាន់ច្បាស់លាស់នោះទេ។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោកប្រធានាធិបតី Donald Trump បានគំរាមប្រើច្បាប់ស្តីពីការបះបោរ (Insurrection Act) ដើម្បីពង្រាយកងកម្លាំងយោធា ប្រសិនបើក្រុមមន្ត្រីរដ្ឋ មិនបញ្ឈប់ក្រុមបាតុករពីការកំណត់គោលដៅលើមន្ត្រីអន្តោប្រវេសន៍ទេនោះ ខណៈភាពតានតឹងកើនឡើងខ្លាំងជុំវិញវត្តមានដ៏ច្រើននៃភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) និងឧប្បត្តិហេតុបាញ់ប្រហារមួយចំនួន។
លោក Jacob Frey អភិបាលក្រុង Minneapolis បាននិយាយកាលពីថ្ងៃអាទិត្យថា ការដាក់ពង្រាយយោធាណាមួយ នឹងធ្វើឱ្យភាពតានតឹងនៅទីក្រុងធំបំផុតរបស់រដ្ឋ Minnesota មួយនេះ កាន់តែធ្ងន់ធ្ងរឡើង ខណៈរដ្ឋបាលលោក Trump បានបញ្ជូនមន្ត្រីអន្តោប្រវេសន៍ និងមន្ត្រីល្បាតព្រំដែនសហរដ្ឋអាមេរិកចំនួន ៣.០០០នាក់ រួចទៅហើយ ដើម្បីដោះស្រាយការតវ៉ា៕

