ភ្នំពេញ៖ ក្នុងពេលរាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធជាបន្តបន្ទាប់ ក្នុងនោះ ការសាងសង់ស្ពានអាកាសចោមចៅ គ្រោងបញ្ចប់ជាស្ថាពរនៅចុងខែមីនានេះ។
ការសាងសង់ស្ពានអាកាសចោមចៅសម្រេចបានលទ្ធផលស្ទើរតែ ១០០ភាគរយ ហើយគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនានេះ និងអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្នក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។
គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ការសាងសង់ស្ពានអាកាសចោមចៅជិតបញ្ចប់ទៅតាមផែនការ និងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរទូទៅ ក៏ដូចជាបម្រើដល់វិស័យដឹកជញ្ជូនទៅតាមបណ្តាខេត្តជាប់តំបន់សមុទ្រ។
ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរឆ្លងកាត់ស្ពានអាកាសចោមចៅ បានសម្តែងក្តីរីករាយចំពោះសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាល ក្រោយពីការសាងសង់ស្ពានអាកាសចោមចៅ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដែលនេះបង្ហាញពីសន្ទុះអភិវឌ្ឍន៍ស្ពានអាកាសធំៗច្រើន ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។
ស្ពានអាកាសចោមចៅ បានបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន រួមមាន ផ្លូវក្រោមដីចំនួន៣ខ្សែ៖ ខ្សែទី១ ផ្លូវក្រោមដីភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្សី ដើម្បីសម្រួលលំហូរចរាចរណ៍មកពីផ្លូវជាតិលេខ៤, ខ្សែទី២ ផ្លូវក្រោមដីភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅមហាវិថីចោមចៅ ជាផ្លូវឯកទិស និងខ្សែទី៣ ជាផ្លូវឯកទិសភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ៣។
ដោយឡែក ចំពោះស្ពានអាកាសទី១ ជាស្ពានអាកាសមេតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី ទៅផ្លូវជាតិលេខ៣ មានប្រវែង សរុប ៤០៨ម៉ែត្រ និងស្ពានអាកាសទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅមហាវិថីចោមចៅ ក្រុមការងារការដ្ឋានបន្តក្រាលកៅស៊ូ និងគូសគំនូសចរាចរណ៍។
ស្ពានអាកាសចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ហើយប្រើប្រាស់ការសាងសង់រយៈពេល៣០ខែ និងចំណាយថវិការសាងសង់ប្រមាណ ២២លានដុល្លា។
មកទល់ពេលបច្ចុប្បន្ន ស្ពានអាកាសក្នុងរាជធានីភ្នំពេញ ដែលបានសាងសង់មានចំនួន៧ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាស៧មករា ស្ពានអាកាសស្តុបផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសឬស្សីកែវ ដែលកំពុងដំណើរការសាងសង់ ខណៈ រដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងសិក្សាគម្រោងសាងសង់ស្ពានអាកាសនៅចំណុចស្តុបផ្សារស៊ិនជូរីផ្លាហ្សា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី៕អត្ថបទ សេក ឧត្តម