ខណៈប្រធានាធិបតីអាមេរិកលោក Donald Trump បានស្វែងរកការរៀបចំពិភពលោកឡើងវិញតាមចំណង់ចំណូលចិត្តរបស់លោកតាមរយៈការឈ្លានពាន ពន្ធ និងការបង្ខិតបង្ខំខាងនយោបាយ បណ្ដាមេដឹកនាំពិភពលោក នាយកប្រតិបត្តិកំពូលៗ និងឥស្សរជនសង្គមស៊ីវិល បានជួបជុំគ្នានៅទីក្រុង Davos ប្រទេសស្វីស សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ។

ក្រសែភ្នែកទាំងអស់នឹងផ្តោតលើលោក Trump ដែលនឹងថ្លែងទៅកាន់វេទិកា WEF នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ កាលពីឆ្នាំមុន លោកបានបង្កើនវោហារសម្រាប់អាណត្តិទីពីររបស់លោកក្នុងសុន្ទរកថាដែលបានដាក់សម្ពាធលើអឺរ៉ុប និងណាតូ និងសរសើរមេដឹកនាំរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំចិនលោក Xi Jinping។
នៅក្នុងរបាយការណ៍របស់ខ្លួនមុនពេលការជួបជុំគ្នា ក្រុមអឺរ៉ុប -អាស៊ី (Eurasia Group) បានហៅសហរដ្ឋអាមេរិកថាជា "ប្រភពសំខាន់នៃហានិភ័យសកលនៅឆ្នាំ ២០២៦ "។
សម្រាប់អឺរ៉ុប និងស្ថាបត្យកម្មសន្តិសុខរបស់ខ្លួនដែលពឹងផ្អែកលើណាតូ ការគំរាមកំហែងគឺពិតជាមាន។ ស្របពេលចំណាត់ការរបស់លោកលើបញ្ហាកោះ Greenland របស់ដាណឺម៉ាក បានកើនឡើងដោយការប្រកាសពន្ធលើប្រទេសដែលប្រឆាំងនឹងបំណងរបស់លោកក្នុងការកាន់កាប់ដែនដីនេះ លោក Trump បានប្រថុយនឹងការបំបែកសម្ព័ន្ធភាពណាតូ។
ក្រុមអ្នកវិភាគ និងអតីតអ្នកតាក់តែងគោលនយោបាយអាមេរិក និងអឺរ៉ុប បានប្រាប់សារព័ត៌មាន The New York Times ថា ប្រធានបទទាំងនេះទំនងជារួមបញ្ចូលសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន ការរំពឹងទុកសម្រាប់ពាណិជ្ជកម្ម និងទីផ្សារសកល លទ្ធភាពដែលចិនវាយក្រសោបយកកោះតៃវ៉ាន់ និងហានិភ័យនៅអាស៊ីខាងលិច ដែលបណ្តាលមកពីការតវ៉ាថ្មីៗនេះក្នុងប្រទេសអ៊ីរ៉ង់៕


