ភ្នំពេញ៖ គិតមកដល់ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ មានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ បានចំនួនជាង ១លាននាក់ និងដូសជំរុញទី៤ បានចំនួន៧២នាក់។
បើតាមការបញ្ជាក់របស់ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល រាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នៅព្រឹកនេះថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញទី៣ ជូនយុវវ័យ បងប្អូនប្រជាពលរដ្ឋ អាយុចាប់ពី ១៨ឆ្នាំឡើង មកដល់ព្រឹកនេះ បានចំនួន ១លាន៣៧ម៉ឺននាក់ បើគិតជាភាគរយ បានចំនួន៩៧% រីឯដូសជំរុញទី៤ ចំពោះប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួន ៧២ម៉ឺននាក់ បើគិតជាភាគរយ បានចំនួន៥០%។
ជាមួយគ្នានោះដែរលោក សុំ វ៉ាន់ថៃ ប្រធានរដ្ឋបាលនៃមនី្ទរពេទ្យបង្អែកពោធិ៍ចិនតុង បានឲ្យដឹងថា ដោយយោងទៅតាមគោលការណ៍ និងអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ គឺក្រុមការងារគ្រូពេទ្យទាំងអស់ បានបំពេញការងារពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យទានផ្សេងៗ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋមកពីគ្រប់តំបន់ ដែលគ្រូពេទ្យរបស់យើងបានបំពេញការងារនេះ មានរយៈពេលជាង ១ឆ្នាំមកហើយ។
ទន្ទឹមនឹងនោះសម្រាប់ដំណើរការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ក្នុងថ្ងៃធម្មតាពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ទាបបំផុត ចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ បានចំនួនជាង៤០០នាក់ ។ ដោយឡែកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាក់វ៉ាក់សាំងដូសទី១ ដូសទី២ ដូសជំរុញទី៣ និងដូសជំរុញទី៤នោះ មានចំនួនជាង ១៣០០នាក់ រហូតដល់ទៅជាង ១៤០០នាក់ ដែលពួកគាត់បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩៕ អត្ថបទ ៖ រដ្ឋា





