លោក Rustem Umerov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន ដែលក៏ជាប្រមុខចរចាដ៏សំខាន់របស់ទីក្រុងគីវ បាននិយាយនៅថ្ងៃអាទិត្យ (១៨ មករា) ថា ក្រុមមន្ត្រីអ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងបន្តកិច្ចពិភាក្សាអំពីសំណើសន្តិភាពដើម្បីបញ្ចប់សង្រ្គាមដ៏បង្ហូរឈាមជិត ៤ឆ្នាំមកនេះ អំឡុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) នាសប្ដាហ៍នេះ។

កិច្ចប្រជុំកំពូលប្រចាំឆ្នាំដ៏សំខាន់របស់វេទិកាសេដ្ឋកិច្ចពិភពលោក នឹងត្រូវធ្វើឡើងនៅទីក្រុងDavos ប្រទេសស្វីស នៅថ្ងៃទី ១៩-២៣ ខែមករា សប្ដាហ៍នេះ ជាទីដែលអ៊ុយក្រែន និងសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចមួយ។
កាលពីថ្ងៃទី១៧ ខែមករា សប្ដាហ៍មុន គណៈប្រតិភូអ៊ុយក្រែន បានទៅកាន់សហរដ្ឋអាមេរិក សម្រាប់កិច្ចពិភាក្សាមួយ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានរិះគន់ថា រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមទ្រង់ទ្រាយធំរបស់ខ្លួន ប៉ុន្តែអ៊ុយក្រែន មិនទាន់បានត្រៀមខ្លួនរួចនៅឡើយទេ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ថា ការរិះគន់របស់មេដឹកនាំអាមេរិករូបនេះ នៅតែកើតមាន ទោះបីជាអ៊ុយក្រែន បានយល់ព្រមតាមសំណើសន្តិភាពជាច្រើនដែលគាំទ្រដោយទីក្រុងវ៉ាស៊ីនតោនក៏ដោយ ចំណែករុស្ស៊ីវិញ មិនទាន់បានយល់ព្រមចំពោះសំណើណាមួយឡើយ ហើយនៅតែបន្តធ្វើសង្គ្រាមដែលខ្លួនបានចាប់ផ្តើមកាលពីជិត ៤ឆ្នាំមុន៕

