យោងតាមឯកសារដែលបានមើលឃើញដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានបង្ហាញថា សេចក្តីព្រាងធម្មនុញ្ញមួយ ដែលបានផ្ញើទៅកាន់ប្រទេសប្រហែល ៦០ ដោយរដ្ឋបាលសហរដ្ឋអាមេរិក បានអំពាវនាវឱ្យសមាជិកនៃ «ក្រុមប្រឹក្សាសន្តិភាពតំបន់ហ្កាហ្សា» ចូលរួមវិភាគទានជាសាច់ប្រាក់ចំនួន ១ពាន់លានដុល្លារ ប្រសិនបើពួកគេចង់ឱ្យសមាជិកភាពរបស់ពួកគេមានរយៈពេលលើសពី ៣ឆ្នាំ។

ឯកសារ ដែលរាយការណ៍ដំបូងគេដោយសារព័ត៌មាន Bloomberg បានបង្ហាញថា «រដ្ឋជាសមាជិកនីមួយៗ នឹងបម្រើការមិនលើសពី ៣ឆ្នាំឡើយ គិតចាប់ពីការចូលជាធរមាននៃធម្មនុញ្ញនេះ អាស្រ័យលើការបន្តអាណត្តិដោយប្រធាន»។ ឯកសារបន្តថា «អាណត្តិសមាជិកភាព ៣ឆ្នាំ នឹងមិនអនុវត្តចំពោះរដ្ឋជាសមាជិកទាំងឡាយណា ដែលរួមចំណែកលើសពី ១.០០០.០០០.០០០ ដុល្លារអាមេរិកនោះឡើយ គិតជាមូលនិធិសាច់ប្រាក់ដល់ក្រុមប្រឹក្សាសន្តិភាព ក្នុងពេល ១ឆ្នាំដំបូងនៃធម្មនុញ្ញ ពេលចូលជាធរមាន»។
ក្រុមប្រឹក្សាសន្តិភាពនេះ នឹងបង្កើតជាផ្នែកសំខាន់មួយនៃដំណើរការសន្តិភាពហ្កាហ្សា ប៉ុន្តែសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា សហរដ្ឋអាមេរិក មិនបានសម្របសម្រួលការបង្កើតក្រុមនេះជាមួយពួកគេនោះទេ។
ក្រុមប្រឹក្សាសន្តិភាព ដែលត្រូវបានប្រកាសដោយសេតវិមានកាលពីថ្ងៃសុក្រសប្ដាហ៍មុន នឹងត្រូវបានដឹកនាំដោយលោកប្រធានាធិបតីអាមេរិក Donald Trump និងមានភារកិច្ចត្រួតពិនិត្យរដ្ឋបាលអន្តរកាលរបស់ហ្កាហ្សា។ ក្រុមប្រឹក្សានេះនឹងរួមបញ្ចូលសមាជិកចំនួន ១១រូប ដែលនឹងក្លាយជាផ្នែកមួយនៃក្រុមប្រឹក្សាភិបាល បូករួមទាំងសមាជិកបន្ថែមផ្សេងទៀតផងដែរ៕

