ក្រសួងមហាផ្ទៃអេស្ប៉ាញ បាននិយាយនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៣៩នាក់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នារវាងរថភ្លើងល្បឿនលឿនពីរគ្រឿងនៅភាគខាងត្បូងប្រទេសនេះកាលពីល្ងាចថ្ងៃអាទិត្យ។

ប្រតិបត្តិករបណ្តាញផ្លូវដែក Adif បាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅជិតទីប្រជុំជនAdamuz ក្បែរទីក្រុង Cordoba នៅពេលរថភ្លើងល្បឿនលឿនមួយខ្សែដែលធ្វើដំណើរពីទីក្រុង Malaga ទៅកាន់ទីក្រុង Madrid បានធ្លាក់ផ្លូវ ហើយបុកនឹងផ្លូវរថភ្លើងនៅជិតនោះ។
រថភ្លើងទីពីរដែលធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា ពីទីក្រុង Madrid ទៅកាន់ទីក្រុង Huelva ក៏បានធ្លាក់ផ្លូវផងដែរ។

សេវាសង្គ្រោះបន្ទាន់ Andalusia បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៧៣ នាក់បានរងរបួសធ្ងន់ ខណៈក្រុមជួយសង្គ្រោះបន្តយកមនុស្សជាប់នៅក្នុងទូរថភ្លើងដែលធ្លាក់ផ្លូវ។
យោងតាមប្រតិបត្តិករបណ្តាញផ្លូវដែក Adif ដដែល គ្រោះថ្នាក់នេះបានកើតឡើងប្រហែល១០នាទីបន្ទាប់ពីរថភ្លើងចាកចេញពីទីក្រុង Malaga នៅម៉ោង ១៨:៤០នាទីម៉ោងក្នុងស្រុក ។ ក្រុមហ៊ុននេះបាននិយាយថា ខ្លួនកំពុងរៀបចំកន្លែងសម្រាប់សាច់ញាតិរបស់ជនរងគ្រោះនៅស្ថានីយ៍ Atocha, Sevilla, Córdoba, Málaga និង Huelva៕