ទីភ្នាក់ងារសារព័ត៌មាន ANI បានរាយការណ៍ថា ប្រទេសឥណ្ឌាត្រូវបានស្នើដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ឲ្យចូលរួមក្រុមប្រឹក្សាសន្តិភាព ដែលនឹងគ្រប់គ្រងតំបន់ហ្កាហ្សា។

ដោយដកស្រង់ប្រភពព័ត៌មានជាច្រើន ទីភ្នាក់ងារសារព័ត៌មាននេះ បាននិយាយថា៖«ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើប្រទេសឥណ្ឌាឲ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពហ្កាហ្សា»។
ពុំទាន់មានសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយ ត្រូវបានចេញដោយទីក្រុងញូវដែលីអំពីបញ្ហានេះទេ។
សេតវិមានបានបញ្ជាក់នាពេលមុននេះថា ក្រុមប្រឹក្សាសន្តិភាពដែលដឹកនាំដោយលោក ត្រាំ នឹងរួមមានអ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកលោក Steve Witkoff សហគ្រិនអាមេរិក និងជាកូនប្រសាររបស់លោក ត្រាំ លោក Jared Kushner អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស (១៩៩៧-២០០៧) លោក Tony Blair ម្ចាស់ក្រុមហ៊ុន Apollo Global Management លោក Mark Rowan ប្រធានធនាគារពិភពលោក លោក Ajay Banga និងទីប្រឹក្សាសន្តិសុខជាតិរងរបស់លោក ត្រាំ គឺលោក Robert Gabriel។

ភាពតានតឹង បានផ្ទុះឡើងនៅមជ្ឈិមបូព៌ា នៅថ្ងៃទី 0៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមយុទ្ធជនមកពីចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើការវាយប្រហារ ដ៏គួរឲ្យភ្ញាក់ផ្អើលទៅលើអ៊ីស្រាអែល ដោយបានសម្លាប់ប្រជាជននៅតាមព្រំដែន និងចាប់ចំណាប់ថ្នូរជាង ២៥០នាក់។ ជាការឆ្លើយតប អ៊ីស្រាអែលបានផ្តួចផ្តើមប្រតិបត្តិការយោធានៅក្នុងដែនដីប៉ាឡេស្ទីន ដើម្បីរុះរើរចនាសម្ព័ន្ធយោធា និងនយោបាយរបស់ក្រុមហាម៉ាស និងដោះលែងចំណាប់ខ្មាំងទាំងអស់៕