រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពរបស់ខ្លួនបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងដឹកជញ្ជូនរបស់អ៊ុយក្រែនក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ខណៈអ៊ុយក្រែនបាននិយាយថា កងកម្លាំងយោធារបស់ខ្លួនបានវាយរុញច្រានការវាយលុករបស់រុស្ស៊ីពីទិសដៅច្រើន។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងរុស្ស៊ីបានបន្តប្រតិបត្តិការនៅតំបន់ Sumy, Kharkiv, Donetsk និងទិសដៅផ្សេងទៀតក្នុងរយៈពេលមួយថ្ងៃកន្លងទៅនេះដោយវាយប្រហារលើ១៤៩គោលដៅ រួមមានទាំងសហគ្រាសអ៊ុយក្រែនដំឡើងយានដ្រូនរយៈចម្ងាយឆ្ងាយ ហេដ្ឋារចនាសម្ព័ន្ធថាមពលនិងដឹកជញ្ជូន និងចំណុចដាក់ពង្រាយបណ្តោះអាសន្ននៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស។

ក្រសួងបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបំផ្លាញគ្រាប់បែកពីលើអាកាសតម្រង់គោលដចំនួន៦គ្រាប់ គ្រាប់រ៉ូក្កែតHIMARS ផលិតនៅសហរដ្ឋអាមេរិកចំនួន៩គ្រាប់ និងយានដ្រូនចំនួន២២០គ្រឿងកាលពីមួយថ្ងៃកន្លងទៅនេះ។ ក្រសួងនិយាយថា កងកម្លាំងរុស្ស៊ីបានគ្រប់គ្រងមជ្ឈមណ្ឌលការពារជាតិដ៏សំខាន់របស់អ៊ុយក្រែន និងទីតាំងលំនៅឋានមួយកន្លែងក្នុងតំបន់Zaporizhzhia ដែលបង្កើតបានលក្ខខណ្ឌនានាម្រាប់ការរុលចូលទៅមុខកាន់តែជ្រៅក្នុងតំបន់នោះ។

នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានរាយការណ៍ថា ការប្រយុទ្ធចំនួន១៣៣លើកបានកើតឡើងតាមបណ្តោយសមរភូមិជួរមុខក្នុងរយៈពេលមួយថ្ងៃកន្លងទៅនេះ ដោយកងកម្លាំងអ៊ុយក្រែន បានវាយរុញច្រានការវាយលុករបស់រុស្ស៊ីក្នុងទិសដៅជាច្រើន។ កងទ័ពអាកាសអ៊ុយក្រែន កងទ័ពមីស៊ីល និងកងកាំភ្លើងធំ បានវាយប្រហារតំបន់ចំនួនប្រាំដែលបុគ្គលិកនិងសម្ភារៈរបស់រុស្ស៊ីស្ថិតនៅ ទីតាំងត្រួតពិនិត្យយានដ្រូនចំនួនពីរកន្លែង និងប៉ុស្តិ៍ទីបញ្ជាការមួយកន្លែង។ កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យានដ្រូនកម្រិតតាកទិករបស់រុស្ស៊ីចំនួន៨៤៥គ្រឿងក្នុងរយៈពេលមួយថ្ងៃកន្លងទៅនេះ។