សៀមរាប៖ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្នុងខេត្តសៀមរាប គិតមកទល់ពេលនេះ គឺស្ទើរតែរួចរាល់ ១០០ភាគរយហើយ ដោយនៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពបន្តិចបន្តួចតែប៉ុណ្ណោះ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ នៅដើមខែមេសា ឆ្នាំ២០២២ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
នេះបើយោងតាមការបញ្ជាក់ពីលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់BTV កាលពីថ្ងៃម្សិលមិញនេះ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវនេះ កាលពីម្សិលមិញ បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែ ក្នុងទីរួមខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើប ពោរពេញដោយ សោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ ទាញភ្ញៀវទេសចរបានកាន់តែច្រើន សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវនេះ គឺមានប្រវែងជាង ១០៦គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបជិត ១៥០លានដុល្លារ៕