សេវាកម្មរថភ្លើងជាង ២០០ខ្សែ នៅទីក្រុង Madrid និងតំបន់ភាគខាងត្បូង Andalucia រួមទាំងនៅទីក្រុងធំៗ Cordoba, Seville និងទីក្រុង Granada ត្រូវបានលុបចោលពេញមួយថ្ងៃចន្ទនេះ ក្រោយហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នា កាលពីយប់ថ្ងៃអាទិត្យ ។
កញ្ចក់អេក្រង់ម៉ូនីទ័រឃើញរថភ្លើងលុបចោលប្រតិបត្តិការនៅស្ថានីយរថភ្លើង Atocha ស្ថិតក្នុងទីក្រុង Madrid នាព្រឹកថ្ងៃចន្ទនេះ ខណៈមនុស្សរាប់សិបនាក់ បានសាកសួរព័ត៌មាននៅប្រតិបត្តិករ Iryo និង Renfe ។
ទូរទស្សន៍រដ្ឋ RTVE រាយការណ៍ដោយស្រង់ប្រភពពីក្រុមនគរបាលថា ចំនួនមនុស្សស្លាប់សរុបពីហេតុការណ៍រថភ្លើងបុកគ្នាកាលពីថ្ងៃអាទិត្យ រវាងរថភ្លើងល្បឿនលឿនធ្លាក់ផ្លូវ និងរថភ្លើងមកដល់ទី ២ នៅតំបន់ភាគខាងត្បូងអេស្ប៉ាញ បានកើនឡើងដល់ ៣៩នាក់ ក្នុងនោះមនុស្ស ១៥២នាក់ បានរងរបួស ។

ឧបទ្ទេវហេតុគ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៤៥នាទី ម៉ោងក្នុងស្រុក យប់ថ្ងៃអាទិត្យ នៅជិតទីក្រុង Adamuz ខេត្ត Cordoba ដែលមានចម្ងាយប្រហែល ៣៦០គ.មភាគខាងត្បូងរដ្ឋធានី Madrid ។
មាននូវអ្នកដំណើរប្រហែល ៤០០នាក់ នៅលើរថភ្លើងទាំង ២ខ្សែ ដែលភាគច្រើននៃពួកគេគឺជាជនជាតិអេស្ប៉ាញ ធ្វើដំណើរវិលត្រឡប់ទៅវិញ និងមកពីទីក្រុង Madrid ក្រោយថ្ងៃចុងសប្តាហ៍ ។
គេនៅពុំបានដឹងច្បាស់នោះទេថាតើមានភ្ញៀវទេសចរប៉ុន្មាននាក់នៅលើរថភ្លើង ស្របពេលដែលខែមករា លែងជារដូវវិស្សមកាលទៀតហើយ នៅក្នុងប្រទេសអេស្ប៉ាញ ។
លោក Oscar Puente គឺជារដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនអេស្ប៉ាញ និយាយប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាននៅស្ថានីយរថភ្លើង Atocha ស្ថិតក្នុងទីក្រុង Madrid ថា មូលហេតុបណ្តាលឲ្យកើតមានគ្រោះថ្នាក់រថភ្លើងល្បឿនលឿនបុកគ្នានេះ នៅពុំទាន់ដឹងច្បាស់នោះទេ ៕
