អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបដិសេធការអះអាងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកថា ទីក្រុងតេអេរ៉ង់កំពុងរៀបចំផែនការវាយប្រហារលើគោលដៅរបស់ខ្លួន នៅអាស៊ីខាងលិច។
លោកបានធ្វើការអត្ថាធិប្បាយនេះ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ដែលត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃសៅរ៍ ដោយពិពណ៌នាអំពីការចោទប្រកាន់បែបនេះថា «ស្របតាមគោលនយោបាយដែលកំពុងបន្តរបស់សហរដ្ឋអាមេរិក ក្នុងការបង្កភាពតានតឹងនៅក្នុងតំបន់»។

លោក Baghaei ក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ក្នុងការរក្សា និងបង្កើន សមត្ថភាពយោធារបស់ពួកគេ ដើម្បីការពារប្រទេស ដោយនិយាយថា អ៊ីរ៉ង់ច្បាស់ជានឹងឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះសកម្មភាព «ឈ្លានពាន» ណាមួយ។
នៅក្នុងការបង្ហោះជាភាសាពែរ្សកាលពីថ្ងៃសៅរ៍នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអះអាងថា ខ្លួនបានទទួលរបាយការណ៍ដែលបង្ហាញថា អ៊ីរ៉ង់កំពុងរៀបចំជម្រើសដើម្បីកំណត់គោលដៅទៅលើមូលដ្ឋានទ័ពអាមេរិក។
ក្រសួងបានបញ្ជាក់ថា៖«ជម្រើសទាំងអស់ កំពុងត្រូវបានថ្លឹងថ្លែង» ហើយការវាយប្រហារណាមួយលើទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក នឹងត្រូវបានឆ្លើយតបដោយ«កម្លាំងខ្លាំងក្លាបំផុត»៕
