សារព័ត៌មានរដ្ឋរាយការណ៍ថា ការផ្ទុះដ៏ធំមួយក្នុងរោងចក្រនៅភាគខាងជើងប្រទេសចិន បានសម្លាប់មនុស្ស ២នាក់ និងមនុស្ស ៨៤នាក់ផ្សេងទៀត រងរបួស ក្នុងនោះ មនុស្ស ៨នាក់ កំពុងបាត់ខ្លួន ។
ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅវេលាម៉ោង ១៥ រសៀល ម៉ោងក្នុងស្រុក ថ្ងៃអាទិត្យ នៅរោងចក្រដែកថែប Baogang United Steel ស្ថិតក្នុងតំបន់ម៉ុងហ្គោលីខាងក្នុង បណ្តាលឲ្យមានភាពរំញ័រផងដែរនៅតំបន់នោះ ។
រូបភាពវីដេអូឃ្លីបលើអនឡាញឃើញហេតុការណ៍ផ្ទុះនេះ បង្កជាសំណុំផ្សែងយ៉ាងធំផុសលើអាកាស ខណៈតំបន់ជុំវិញរាយប៉ាយដោយកម្ទេចកម្ទី រួមទាំងបាក់ពិដាន និងបែកបំពង់ទីប ។
សារព័ត៌មានរដ្ឋ រាយការណ៍ថា មនុស្ស ៥នាក់ ក្នុងចំណោមអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

ស្របពេលនោះដែរ ក្រុមអាជ្ញាធរ កំពុងបើកការស៊ើបអង្កេតពីមូលហេតុដែលបណ្តាលកើតមានហេតុការណ៍ផ្ទុះនៅក្នុងរោងចក្របែបនេះ ។
រោងចក្រ Baogang United Steel គឺជាសហគ្រាសដែកថែប និងដែកដ៏សំខាន់គ្រប់គ្រងដោយរដ្ឋចិន ។ ចិនមានប្រវត្តិជាយូរមកហើយពីឧបទ្ទេវហេតុឧស្សាហកម្ម ចាប់ពីការផ្ទុះក្នុងរោងចក្រ និងការបាក់ស្រុតអណ្តូងរ៉ែ រហូតដល់បំណាក់ភក់ ។
កាលពីឆ្នាំ ២០១៥ ហេតុការណ៍ផ្ទុះដ៏ធំ ២លើក នៅទីក្រុងកំពង់ផែ Tianjin បានសម្លាប់មនុស្ស ១៧៣នាក់ និងមនុស្សរាប់រយនាក់ផ្សេងទៀត រងរបួស ហើយនិងធ្វើខ្ទេចខ្ទាំតំបន់ជាច្រើននៅក្នុងទីក្រុងមួយនេះ ៕
